ខេត្តកោះកុង ៖ ស្ពានកោះកុង ដែលមានប្រវែងជិត២គីឡូម៉ែត្រ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ នឹងបើកឲ្យសាធារណជនអាចឆ្លងកាត់បានដោយមិនគិតថ្លៃរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ តទៅ។
ការអនុញ្ញាតឲ្យឆ្លងកាត់ដោយមិនគិតថ្លៃនេះ គឺធ្វើឡើងដើម្បីអបអរដល់ពិធីបុណ្យសមុទ្រ ដែលកំពុងប្រារព្ធធ្វើនៅក្នុងខេត្តកោះកុង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។
ទាក់ទងនឹងពិធីបុណ្យសមុទ្រនេះដែរ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នេះ នឹងមានការរៀបចំធ្វើពិធីបើកសម្ពោធពិធីបុណ្យសមុទ្រលើកទី៣ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
ក្នុងពិធីបើកនៅរសៀលនេះ ក៏នឹងមានការបាញ់កាំជ្រួចដើម្បីអបអរ រួមជាមួយនឹងការសម្តែងសិល្បៈរបស់សិល្បករកម្ពុជា ថៃ និងវៀតណាម ។ ជាមួយគ្នានេះ ក៏នឹងមានការតាំងបង្ហាញពីផលិតផលនានានៅក្នុងប្រទេស ក៏ដូចជាការប្រកួតធ្វើម្ហូប ដើម្បីភ្ញៀវទេសចរទស្សនាកម្សាន្តផងដែរ៕



































