សៀមរាប នៅខេត្តសៀមរាប នារសៀលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៤នេះ មានប្រារព្ធពិធីអបអរសាទរ ទិវាជាតិ១២ធ្នូ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សក្រោមប្រធានបទ(ធ្វើការក្នុងស្រុកក៍ល្អប្រសើ បើចេញទៅធ្វើការនៅក្រៅប្រទេសត្រូវមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ) ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង បណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត ក្រុមយុវជនកាយរឹទ្ធកម្ពុជា និង យុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ៧០០ នាក់ចូលរួម នៅសួនច្បារមុខមហាសណ្ឋាគារអង្គរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី ឯម ផលាមុនីអភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការ ដ្ឋាន គណៈកម្មាធិការបង្ក្រាប ការជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្ម ពលកម្មផ្លូវភេទលើស្ត្រី និង កុមារខេត្ត បានបញ្ជាក់ពីលទ្ធផលដែលអនុវត្តបានលើការអនុវត្តយុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារស្តារនីតិសម្បទា សមារណកម្ម និង មាតុភូមិនិវត្តន៍ ការងារកិច្ចយុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពទៀតផង ។
ក្នុងចំណាប់អារម្មណ៍នោះដែរលោក សន ខាឡាហាន នាយករងបេសកកម្មUSAIDប្រចាំកម្ពុជា បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ស្ត្រី និង កុមារកម្ពុជា មួយចំនួន បានក្លាយជាវត្ថុជួញដូរ កេងប្រវ័ញ្ច និង ធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ីរត់ពន្ធមនុស្ស និង បានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារមួយចំនួនត្រូវបានធ្លាក់ខ្លួនទៅក្នុង អំពើពេស្យាចារ ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងចឬឪពុកម្តាយយកទៅលក់ដើម្បីសង់បំណុលគេនិង កុមារមួយចំនួនត្រូវបានបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និង កត្តាមួយចំនួន ក៏ធ្វើឲ្យស្ត្រី និង កុមារងាយរងគ្រោះ ក្នុងការជួញដូរ ដោយកង្វះនូវព័ត៌មាន ការអប់រំ សីលធម៌សង្គម ហើយឪពុក ម្តាយមិនអនុវត្តកាតព្វកិច្ច ក្នុងការចិញ្ចឹមកូន ព្រមទាំងសហគមពុំសូវមានកិច្ចសហការទៀតផង ។
បន្ទាប់ពីការជនរងគ្រោះដោយការជួញដូរមនុស្ស ធ្វើការបញ្ជាក់ពីទុក្ខសោកទៅធ្វើការងារនៅក្រៅប្រទេស ដែល ត្រូវគេបោក និង កេងប្រវ័ញ្ចកម្លាំងពលកម្មនៅលើទូកនេសាទសមុទ្ររួចមក មានប្រសាសន៍នោះលោក ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ទិវាជាតិ ១២ធ្នូ ស្តីពីការបង្ក្រាប ការរត់ពន្ធ ការជួញដូរមនុស្ស ការធ្វើអាជីវកម្ម ពលកម្មផ្លូវភេទលើស្ត្រី និង កុមារឆ្នាំ២០១៤ នេះ ក្នុងគោលដៅរួមគ្នាបង្ក្រាប អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ធិសេរីភាព និង សេចក្តីថ្លៃផ្នូររបស់មនុស្ស និង ធានានូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាការពារ លើកកំពស់នូវទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ ។
ឯកឧត្តម បានបញ្ជាក់អំពីលទ្ធផលឆ្នាំ២០១៤នេះ ការបង្ក្រាបបទល្មើសផ្លូវភេទ និងការជួញដូរមនុស្សបានចំនួន៤៨ករណីនិងអំពើហិង្សាចំនួន២៣ករណី។លោកឃឹម ប៊ុនសុងក៏បានបន្តទៀតថា ដើម្បីទប់ស្កាត់ការការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព សំខាន់តាមទីកន្លែងណាដែលងាយរងគ្រោះ តាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និង រួមចំណែកដោយឆន្ទះនិងមនសិការ ។ លោកបានគូសបញ្ជាក់ថា តាមរយៈនៃទិវា១២ធ្នូនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ សំខាន់ និស្សិត សិស្សានុសិស្ស បានយល់ជ្រួតជ្រាបពីការប្រយុទ្ធប្រចាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្មនិងផ្លូវភេទដែលជាមិនមែនជារឿងបុគ្គលណាម្នាក់ គឺជាភារកិច្ចយើងទាំងអស់គ្នាត្រូវធ្វើការចូលរួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ ទៅតាមគ្រប់រូបភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល (ធ្វើការក្នុងស្រុកក៍ល្អប្រសើ បើចេញទៅធ្វើការនៅក្រៅប្រទេសត្រូវមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ) ។លោក ឃឹម ប៊ុនសុង ក៏មាន
សង្ឃឹមជឿជាក់ថា ការប្រារព្ធទិវានៅថៃ្ងនេះជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយជា សាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ។ ជាមួយគ្នានេះ សកម្មភាពចូលរួមឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកា ពីសប្បុរសជន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុងខេត្ត ក៏ជាកត្តាគន្លឹះយ៉ាងសំខាន់ក្នុងការរួមចំណែកយ៉ាងសកម្ម ដើម្បីឲ្យកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរ-អង្គភាពអង្គការសង្គមស៊ីវិលពាក់ព័ន្ធព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមផ្តល់ការគាំទ្រព្រមទាំងបន្តការសហការ ជាមួយគណៈកម្មាធិការដឹកនាំបង្ក្រាបការជួញដូរមនុស្សការរត់ពន្ឋការធ្វើអាជីវកម្មពលកម្មផ្លូវភេទលើស្ត្រី និងកុមារខេត្តសៀមរាបដើម្បីអនុវត្តច្បាប់នេះឲ្យកាន់តែមានប្រសិទ្ធិភាពនិងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេសជាតិយើង ៕




































