សមត្ថកិច្ចចម្រុះប្រមាណ16នាក់ មធ្យោបាយដោយកាណូតចំនួន3គ្រឿង រួមមានមន្ដ្រីជំនាញរដ្ឋបាលជលផល មន្ដ្រីបរិស្ថាន មន្ដ្រីកងរាជអាវុធហត្ថ កម្លាំងសឹករង ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខ័ណ្ឌរដ្ឋបាលជលផល ខេត្ដពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសនេសាទ ត្រង់ចំនុច បឹងទន្លេសាប ស្ថិតក្នុងភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិដីរនាត ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។
លោក ថៃ សីលាលីតា នាយរងខ័ណ្ឌរដ្ឋបាលជលផល ខេត្ដពោធិ៍សាត់ បានប្រាប់អោយដឹងថា ការដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទអស់ រយៈពេល4ថ្ងៃពេញ ដោយបានផ្លែផ្កាល្អ លទ្ធផលបង្ក្រាបបានរួមមាន អាគុយសម្រាប់ប្រើ ឧបករណ៍ល្មើសច្បាប់ ស្ដីពីជលផល ប្រភេទ(ឈ្នក់) ចំនួន6គ្រឿង ឧបករណ៍ប្រភេទ(បរ) ចំនួន8ខ្សែ ក្បាលបរ ចំនួន12គ្រឿង របាំងសាច់អួន ប្រវែង3335ម៉ែត្រ បង្គោលចម្រឹងចំនួន2005ដើម ចាក់លែងត្រីចម្រុះ ចូលក្នុងទឹកបឹងទន្លេសាប ចំនួន580គីឡូក្រាម ព្រមទាំងចាក់លែងកូនត្រីរ៉ស់ល្មើសច្បាប់ នេសាទចំនួន15000ក្បាល ។
លោកនាយរងខ័ណ្ឌ បានបន្ដទៀតថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបាន យ៉ាងច្រើនសន្ធឹកសន្ទាប់ខាងលើ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ។ លោកបញ្ជាក់ទៀតថា ការចុះបង្ក្រាបបទល្មើស នេសាទ ជាទ្រង់ទ្រាយធំខាងលើនេះ ធ្វើឡើងក្រោរយពីមានកិច្ចចង្អុល ការពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដពោធិ៍សាត់ និងបទបញ្ជាឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដពោធិ៍សាត់ ឱ្យដឹកនាំកម្លាំងពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសនេសាទ ឱ្យដូចភ្លៀងរលឹម លុះត្រាណាបទល្មើសនេសាទមានការថយចុះ ៕