ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាក្រុមប្រឹក្សាភិបាលអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ចូលរួមពិធីចែកអំណោយមនុស្សធម៌ ជាអណ្តូងទឹកស្អាត ចំនួន ៣០ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅស្រុកពញាក្រែក និង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីលោកអ៊ីមាំស្រុកពញាក្រែក អាជ្ញាធរមូលដ្ឋាន ក្រុមការងារអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ។
បន្ទាប់ពីបានស្តាប់នូវកិច្ចស្វាគមន៍ សេចក្តីថ្លែងអំណរគុណ និងរបាយការណ៍ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយលោកអ៊ីមាំស្រុកពញាក្រែករួចមក ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាចរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងនោះក៏មានខ្មែរឥស្លាមដែលទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង ទាំងជំនឿសាសនា ប្រកបមុខរបរក្នុងសង្គម ចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងទទួលយកនូវជំនួយមនុស្សធម៌ពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ផងដែរ ។
ឯកឧត្តម បានបន្តថា ជាក់ស្តែងដូចជាថ្ងៃនេះស្រាប់ ដោយទទួលបាននូវអំណោយមនុស្សធម៌ពីសប្បុរសជននៅប្រទេសអាឡឺម៉ង់ តាមរយៈអង្គការវ៉េហ្វា និងកិច្ចសហការជាមួយអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ អណ្តូងទឹកស្អាតចំនួន ៦៥ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកពញាក្រែកទទួលបានចំនួន២០អណ្តូង។
ឯកឧត្តម បានបន្តថា ជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការល្អរវាងអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ ជាមួយអង្គការ ស្ថាប័នទាំងក្នុង និងក្រៅប្រទេស ដូចជាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អំណោយមនុស្សធម៌ជាច្រើនបានមកដល់ដៃប្រជាពលរដ្ឋក្រីក្រសំរាប់ក្នុងពិធីបុណ្យរ៉ម៉ាឌន បុណ្យហាដ្ជ ការកសាងសាលារៀន វិហារឥស្លាម អណ្តូងទឹកស្អាត និងគម្រោងមនុស្សធម៌ សង្គ្រោះបន្ទាន់ផ្សេងៗ ។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានអនាម័យល្អក្នុងក្រុមគ្រួសារ ដើម្បីចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ និងរក្សានូវសាមគ្គីភាព មិត្តភាព នៅក្នុងភូមិឲ្យបានរឹងមាំល្អ ចៀសវាងនូវជម្លោះណាមួយដែលនាំដល់ការបែកបាក់សាមគ្គីនៅក្នុងភូមិ ៕




































