​អគ្គិ​ស​ភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុង​នៅ​ស្រុក មង្គលបុរី​

0

​ខេត្តបន្ទាយមានជ័យ​៖
​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​អស់​ទុក​ផ្ទះ​ចោល ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទាំងយប់ គ្រាន់តែ​រយៈពេល កន្លះ​ម៉ោង​សោះ ផ្ទះ​តៀម​ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី​ទំហំ​៥​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​បើទោះបីជា​ប្រជាពលរដ្ឋ​និង​នគរបាល​ស្រុក​មង្គលបុរី​ជួយ​អន្តរា​គម​ក៏​អាចជួយ​បានឡើយ​។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច រ៉ា​រថភ្លើង​ស្រុក​មង្គលបុរី ស្ថិតក្នុង​ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​លោក ស៊ី ឌី អធិការដ្ឋាន​នគរបាល ស្រុក​មង្គលបុរី​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ នេះ​ថា ផ្ទះ​ដែល​ត្រូវបាន​អគ្គិភ័យ លេប​ត្របាក់​ទាំងស្រុង​នោះ ជា​ប្រភេទ ផ្ទះ​តៀម ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី ទំហំ ៥​ម៉ែត្រ គុណ ៧ ម៉ែត្រ ហើយ​ម្ចាស់ផ្ទះ​មានឈ្មោះ​ឌួង សុ​គង់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វូ វ៉ិ​ត អាយុ ៥៣​ឆ្នាំ​។​image
​បើតាម​ប្រភព​ប​ឲ្យ​ដឹង​ទៀតថា នៅពេល​កើតហេតុ ម្ចាស់ផ្ទះ​មិនបាន​នៅផ្ទះ​ឡើយ ដោយ​រវល់​ចេញទៅ​ប្រកប​របរ​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​ទុក​ផ្ទះ​ចោល ស្រាប់តែ​ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ បង្ក​ភាព​ភ្ញាក់ផ្អើល​ទាំងយប់​តែម្តង​។​ប្រភព​បន្ត​ឲ្យ​ដឹង​ទៀតថា នៅពេល​ទទួលដំណឹង​ភ្លាម គេ​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ជួយ​បាញ់​និង​ជះ​ទឹក​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ភ្លើង​រីក​រាលដាល ឆ្លង​ទៅកាន់​លំនៅឋាន ប្រជាពលរដ្ឋ​ផ្សេងទៀត​។​លោក ស៊ី ឌី អធិការ​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​ចំពោះ​សម្ភារ​ខូចខាត គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ចំណែក ថវិកា​ពុំ​ដឹង​នោះទេ ព្រោះ​ឆាបឆេះ​ទាំងស្រុង​៕