ព្រះវិហារ
តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមហ៊ុនចិនCWSរុករករ៉ែមាសដ៍ធំមួយមានទីតាំងស្ថិតនៅចំណុចភ្នំលុងក្នុងភូមិត្រពាំងទឹមនិងភូមិរំដេងឃុំរមទមស្រុករវៀងខេត្តព្រះវិហារកំពុងប្រើគ្រឿងចក្រធុនធ្ងន់និងសារធាតុគីមីធ្វើសកម្មភាពរុករករ៉ែមាសនៅក្រោមដីពង្រីកសកម្មភាពដល់ចំណុចដីបាក់យ៉ាងគគ្រឹកគគ្រេងដោយមិនទាន់មានការចុះត្រួតពិនិត្យត្រឹមត្រូវពីមន្ទីររ៉ែនិងថាមពលនៅទ្បើយទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី១៥ធ្នូ២០១៤ថាការដ្ឋានរុករករ៉ែមាសរបស់ក្រុមហ៊ុនចិនCWSខាងលើស្ថិតនៅក្បែរភូមិដ្ឋានដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនហើយការរុករករ៉ែមាសដោយប្រើសារធាតុគីមីចំរាញ់រ៉ែមាសអាចធ្វើអោយរីកសាយភាយចំហាយសារធាតុពុលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។សារធាតុពុលអាចជ្រាបចូលទៅក្រោមដីចូលបឹងត្រពាំងនិងអូរក្បែរៗភូមិ។
លោកវិស្វករគង់មករាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបានអោយដឹងថាពិតជាមានគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រនិងរថយន្ដធុនធំ៤គ្រឿងប្រាកដមែនដែលពេលនេះកំពុងដំណើការរុករករ៉ែមាសនៅចំណុចភ្នំលុង។ទីតាំងថ្មីដែលកំពុងរុករករ៉ែមាសហ្នឹងស្ថិតក្នុងរង្វង់ផ្ទៃដីរបស់ក្រុមហ៊ុនចិនCWSគ្រាន់តែពេលនេះក្រុមហ៊ុនចិនដដែលបានសហការរកស៊ីជាមួយក្រុមហ៊ុនចិនថ្មីមួយផ្សេងទៀតដែលខាងអង្គភាពរបស់លោកមិនបានចូលរួមដឹងឮនោះទេ។
លោកប្រធានមន្ទីរបញ្ជាក់ថានៅថ្ងៃខាងមុខនេះរូបលោកនឹងសហការជាមួយលោកអភិបាលស្រុករវៀងដើម្បីសហការគ្នាចុះទៅត្រួតពិនិត្យមើលផលប៉ះពាល់អំពីការរុករករ៉ែមាសនៅតំបន់នោះ។
លោកឯសារ៉ូអភិបាលស្រុករវៀងបានអោយដឹងថាក្រៅពីក្រុមហ៊ុនចិនខាងលើគឺនៅមានទីតាំងជីកកកាយរុករករ៉ែមាសអនាធិបតេយ្យចំនួន២កន្លែងធំៗផ្សេងទៀតកំពុងធ្វើសកម្មភាពរុករករ៉ែមាសដោយខុសច្បាប់។
ប្រភពព័ត៌មានផ្សេងទៀតបានអះអាងថាម្ចាស់គ្រឿងចក្រ០២គ្រឿងនិងរថយន្ដធុនធំ៤គ្រឿងទៀតជារបស់ឈ្មួញធំឈ្មោះម៉េងនិងឧកញ៉ាថនមកពីរាជធានីភ្នំពេញហើយចំណុចដីដែលកំពុងជីកកាយរុករករ៉ែមាសនោះជាកម្មសិទ្ធរបស់ឈ្មួញរុករករ៉ែមាសម្នាក់ទៀត។ការដ្ឋានជីកកាយរុករករ៉ែមាសកំពុងមានរឿងអាស្រូវនេះត្រូវបានគេដឹងច្បាស់ថាម្ខាស់របស់វាបានរត់ការបង់លុយមួយចំនួនធំអោយទៅអាជ្ញាធរដែនដីនិងមន្ដ្រីជំនាញរួចអស់ហើយជាថ្នូរមិនអោយចុះទៅបង្ក្រាបនិងបិទទីតាំងការដ្ឋានខុសច្បាប់។នៅទីនោះសំបូរណ៍រ៉ែមាសនៅក្រោមដីខ្លាំងណាស់៕




































