កំពង់ធំៈ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ មានការព្រួយបារម្ភណ៍ ចំពោះការបូមខ្សាច់ និងការកាយដីចំណី ស្ទឹងសែនលក់ ដែលបានបង្ករឲ្យមានការបាក់ច្រាំងស្ទឹងសែនជាបន្តបន្ទាប់ តែទោះជាមានសកម្មភាពបួម ខ្សាច់ឬជីកកកាយដីចំណីស្ទឹងសែនដឹកយកទៅលក់ ក៏អាជ្ញាធរក្រុងមិនខ្វាយខ្វល់ នោះទេ ទើបតែព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៤ ត្រូវបានហាមឃាត់ពីសំណាក់ ព្រះរាជអាជ្ញា ខេត្តកំពង់ធំ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងដឹកនាំកំលាំងនគរបាលក្រុងស្ទឹងសែននិងភូមិបាលក្រុងចុះធ្វើការឃាត់បានគ្រឿងចក្រ១គ្រឿង(អេស្កាវ៉ាទ័)ដែលកំពុងតែធ្វើសកម្មភាពជីកកកាយដីចំណីមាត់ស្ទឹងសែននិងឃាត់មនុស្សម្នាក់ឈ្មោះឡេង រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាំមកកាន់អធិការក្រុងស្ទឹងសែន) ម្ចាស់គ្រឿងចក្រត្រូវបានគេស្គាល់ឈ្មោះ ឈាក ស៊ីណា ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ របស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានជីកកកាយដីចំណីស្ទឹងសែន ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត -ក្រុងបានឲ្យដឹងថាការជីកនេះគឺជាដីសម្បត្តិរដ្ឋដោយពុំអនុញ្ញាតិឲ្យបុគ្គលណាម្នាក់មានសិទ្ធិក្នុងការ ជីកកាយដី ឬលក់ដូរជាដាច់ខាត ដោយរាប់ពីអាក់ស្ទឹងចំនួន ១៥០ម៉ែត្រ គឺជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ តែអនុញ្ញាតិឲ្យអាស្រ័យផលបាន សម្រាប់ការលោក ឈាក ស៊ីណា ឃុបឃិតគ្នា ជាមួយលោក សន យ៉ីម យកគ្រឿងចក្រទៅជីកកកាយដីរយៈ២ថ្ងៃនេះ គឺពុំមានការអនុញ្ញាតិនោះទេ។
ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយមាត់ស្ទឹងសែន បានព្រួយបារម្ភណ៍យ៉ាងខ្លាំងចំពោះផ្ទះសំបែង និងដីលំនៅដ្ឋាន ពីការបាក់ច្រាំងជាបន្តបន្ទាប់ ដោយសារតែមានឈ្មួញ បូមខ្សាច់ កាយដីចំណីមាត់ស្ទឹង សែនលក់ជាប្រយោជន៍បុគ្គល និងពុំមានការគិតពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោក ហុក រិន អភិបាលក្រុងស្ទឹងសែនមេត្តាជួយទប់ស្កាត់ការបូមខ្សាច់ និងការលបលួចកាយដីចំណីស្ទឹងសែន រួមទាំង ការដឹកជញ្ជូនដីឲ្យមានការគ្រប និងស្រោចទឹកផ្លូវ ដើម្បីកាត់បន្ថយការហុយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ។