ណៃពិដោ ៖ តាមការឱ្យដឹងពីក្រសួងសណ្ឋាគារ និងទេសចរណ៍ ការទាញយកចំណូលពីវិស័យទេសចរណ៍របស់ប្រទេសសម្រេចបានទឹកប្រាក់ចំនួន ៩០៥លានដុល្លារក្នុងឆ្នាំ២០១៤ ច្រើនជាងកំណើន៥% ពីចំណូលកាលពីឆ្នាំ២០០៤ ដែលទទួលបានតែ១៧១លានដុល្លារប៉ុណ្ណោះ ។
បរិមាណ នៃភ្ញៀវទេសចរមកកម្សាន្តក្នុងឆ្នាំនេះមានចំនួន២,៤លាននាក់គិត ត្រឹមខែតុលា ខណៈកាលពីឆ្នាំ២០០៤ មាន៥០មុឺននាក់ ។
ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលមានតែឈ្មោះរបស់មីយ៉ាន់ម៉ាចូលកាន់ អំណាចក្នុងឆ្នាំ២០១១ ចំនួនអ្នកទេសចរកើនដល់១,០៦លាននាក់ ក្នុងឆ្នាំ២០១២ និង២,០៤លាននាក់ (២០១៣) ។មីយ៉ាន់ម៉ាដាក់ទិសដៅទាញយកចំណូលឱ្យបានជាង១ពាន់លានដុល្លារ ពីភ្ញៀវទេសចរ៣លាននាក់ នៅដំណាច់ឆ្នាំ២០១៤នេះ ។
យោងតាម ស្ថិតិផ្លូវការមួយបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាបានបើកឱ្យដំណើរការសណ្ឋាគារម៉ូតែល (សណ្ឋាគារសម្រាប់ ទទួលអ្នកធ្វើដំណើរតាមរថយន្ត) និងផ្ទះសំណាក់ចំនួន១ពាន់កន្លែងក្នុងឆ្នាំ២០១៤ ដែលមានប្រហែល៤១.០០០បន្ទប់ ។ តួលេខនេះបានកើនពីបរិមាណ៧៣១ទីតាំងក្នុងឆ្នាំ២០១១ ស្មើនឹង២៥.០០០បន្ទប់ ។
ភាគច្រើននៃសណ្ឋាគារទាំងអស់នោះ គឺមានទីតាំងក្នុងទីក្រុងរ៉ង់ហ្គូនដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ប្រទេសជាតិ ។ ដោយឡែក សណ្ឋាគារដែលវិនិយោគដោយបរទេសសរុបមានចំនួន៣៩នៅទូទាំងប្រទេស ភាគច្រើនមានទីតាំងក្នុងទីក្រុងរ៉ង់ហ្គូន និងម៉ុងដាឡៃ ៕