ប៉ូលិសចិនបាន ចាប់ខ្លួនជនសង្ស័យ ៥២នាក់ ចាប់តាំងពីខែកក្កដា មកម្ល៉េះ ពីបទ ផលិតនិង ចែកចាយផលិតផលថ្នាំជំនួយសុខភាពផ្លូវភេទ ឬ ថ្នាំសំរើបស៊ិច ដោយខុសច្បាប់ ព្រមទាំងមិនបាន ទទួលការត្រួតពិនិត្យត្រឹមត្រូវពីគុណភាព ដោយក្រសួងសុខាភិបាល។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ ដោយដកស្រង់ សម្តីពីមន្ត្រីប៉ូលិស ក្នុងទីក្រុងវែនហ្សូវ នៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសទៀតថា ថ្នាំជា ច្រើនប្រភេទ រួមទាំងសារ ធាតុជាច្រើនមុខ ដែលប្រើប្រាស់សម្រាប់ផលិតថ្នាំសំរើបនោះក៏ត្រូវ បានរកឃើញផងដែរ នៅនឹងកន្លែង ដែលជនល្មើសត្រូវចាប់ខ្លួននោះ។
យោងទៅតាមច្បាប់របស់ចិន សារធាតុ Sildenafil ឬ Viagra មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ នៅក្នុងថ្នាំ ឬផលិតផលជំនួយផ្លូវភេទអ្វីឡើយ ក៏ព្រោះតែវានឹងនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ហេតុដូច្នេះ វាត្រូវបានចាត់ទុកជាអំពើល្មើសច្បាប់។
ចំពោះផលិតផលខាងលើនេះដែរ ត្រូវបានប៉ូលិស រកឃើញថា មានលក់នៅហាងស៊ិច ចំនួនជាង ៦០០ កន្លែងក្នុងខេត្តនិង តំបន់ចំនួន ៣២។ ប៉ូលិសក៏បានរឹបអូសពួកវាចំនួន ១២.០០០ ប្រអប់ផងដែរ៕