កំពង់ឆ្នាំង៖យុវជនម្នាក់បានស្លាប់បន្ទាប់ពីបានបញ្ជូនដល់មន្ទីរពេទ្យខេត្ត និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ខណះដែលពួកគេជិះម៉ូតូនៅពេលយប់ទៅបុកគូថរថយន្តដែលចតដូរកង់នៅលើដងផ្លូវជាតិ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរស្ពានស្វាយទង ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សឿង រុណ អធិការរងទទួលផ្នែកចរាចរណ៏ផ្លូវគោកប្រចាំស្រុករលាប្អៀរ បានអោយដឹងថា៖ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៏ខាងលើនេះ មានឈ្មោះ ហ៊ុល ហុកថៃ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជាអ្នកបើកម៉ូតូ បុរសដែលរងរបួសធ្ងន់ឈ្មោះ កែវ សុផល អាយុ៤៣ឆ្នាំ មានទីលំនៅឯខេត្តតាកែវ ។
លោកបន្តថា៖នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ កណ្តាល 3A.0476 ដឹកអុសពីខេត្តពោធិសាត់ទៅភ្នំពេញ លុះមកដល់ចំណុចខាងលើរថយន្តបានបែកកង់ក្រោយផ្នែកខាងឆ្វេង ហើយក៏បានឈប់ចតដើម្បីដូរកង់ ។ខណះនោះជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក C125 ពណ៏ខ្មៅ ពាក់ស្លាក់លេខ កំពង់ឆ្នាំង 1A 9520 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើង ពេលជិះមកដល់ចំណុចកើតហេតុក៏បុកគូថរថយន្ត ពីក្រោយបណ្តាលអោយជនរងគ្រោះដែលស្លាប់បុកដើមទ្រូង ចំដែកទ្រុងរថយន្តបែកទ្រូង និងបាក់ឆ្អឹងជំនីស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យខេត្ត ។ ដោយឡែកបុរសដែលរងរបួសធ្ងន់ ត្រូវចំក្បាលពីក្រោយនិងដៃជើងត្រូវគេបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ។ចំណែកអ្នកបើកបររថយន្តពេលឃើញហេតុការណ៏ខាងលើនេះក៏បានរត់គេចខ្លួនបាត់ទុកចោលរថយន្ត។
រថយន្តនិងម៉ូតូក្នុងគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ រង់ភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ .




































