សៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់អគារមន្ទីរ អង្គភាពទាំង២៦ របស់ខេត្តសៀមរាប ស្ថិតនៅខាងកើតអតីតអង្គរ ឃ្យុងយូ ដែលបានកំពុងដំណើរការបុកគ្រឹះសាងសង់ ។
ក្រោយពីការផ្លាស់ប្តូរទីតាំង ពីអតីតបុរីរដ្ឋបាលសាលាខេត្ត មកនៅទីតាំងអតីតអង្គភាពអាជ្ញាធរអប្សរា បានធ្វើឲ្យមាន កង្វះនូវអគារធ្វើការងាររបស់មន្ត្រីរាជការ ហើយត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានខេត្តសៀមរាប និង លោកអភិបាលខេត្តសៀមរាប បានធ្វើសំណើស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ឲ្យដីមានទំហំ០៦ហិចតា ដើម្បីធ្វើការសាងសង់អគារមន្ទីរ អង្គភាពទាំង២៦ ។
តាមការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា អគារមន្ទីរ អង្គភាពទាំង ២៦នេះ គឺសាងសង់ទៅតាម រចនាបទខ្មែរ ដោយមានរៀបចំផ្លូវ សួនច្បារ ទីចំណតរថយន្ត ហើយអគារនីមួយៗ មានផ្ទៃក្រឡាសមស្រប ទៅតាមបទដ្ឋាន សម្រាប់បម្រើការងារ និង មានបរិយាកាស បរិស្ថានល្អទៀតផង ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា បន្ទាប់ពីបាន ទីតាំងសាងសង់អគារមន្ទីរ អង្គភាពទាំង២៦ហើយ ខេត្តបានកំពុងរកនូវទីតាំងមួយកន្លែង ដើម្បីរៀបចំធ្វើជាផ្សាររាត្រី និង ទីកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ដើរកម្សាន្តនៅពេលរាត្រី ព្រមទាំងទីលានប្រជាធិបតេយ្យទៀតផង ។
ក្នុងនោះដែរមេការគ្រប់គ្រងសាងសង់អគារនេះ ក៏បានឲ្យដឹងថា ការសាងសង់សំណង់អគារនេះ មានរយៈពេល មួយ ឆ្នាំកន្លះ ទើបរួចរាល់ជាស្ថាពរ ។
មានប្រសាសន៍នោះដែរឯ.ឧ ទៀ បាញ់ ក៏បានធ្វើការណែនាំដល់អ្នកគ្រប់គ្រងសំណង់ ក៏ដូចក្រុមវិស្វករ និង ជាងកំពុងស្ថាបនាសាងសង់ត្រូវយកចិត្តទុកដាក់ចំពោះការសាងសង់ ដើម្បីធានានូវគុណភាពនៃការប្រើប្រាស់បានយូរអង្វែងម្យ៉ាងទៀតក្នុងធ្វើការបុកគ្រឹះ ក៏ត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីព្រោះថាការសាងសង់សំណង់ប្រៀបបានដូច ការបណ្តុះបណ្តាលធនធានមនុស្សបើគ្រឹះខាងក្រោមមិនបានរឹងមាំហើយ ធនធានមនុស្សទាំងនោះក៏យើងមិនអាចប្រើ ប្រាស់បានយូរអង្វែងផងដែរ។ដូច្នេះការសាងសង់សំណង់ក៏យើងត្រូវធានានូវគ្រឹះរឹងមាំផងដែរ ដើម្បីទ្រទ្រង់អគារបានល្អ និង ប្រើប្រាស់បានយូរអង្វែងផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្តទៀតថា ដើម្បីឲ្យសំណង់យើងរឹងមាំល្អ យើង មិនត្រូវបង្ខំ និង បន្ទាន់ឡើយ យើងត្រូវធ្វើទៅតាមដំណើរ ក្នុងរយៈពេល២ឆ្នាំឲ្យបានរួចរាល់ ដើម្បីធ្វើការរៀបចំឲ្យបានល្អ ស្អាតនូវប្រព័ន្ធលូបង្ហូទឹកក្រោមដី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធផ្លូវ និង សួនច្បារ សំខាន់លើការរៀបចំបណ្តាញប្រព័ន្ធអគ្គិសនីឲ្យបានត្រូវតាមស្តង់ដា ក្នុងការធានាបាននូវហានីភ័យ
កើតឡើងទៀតផង ។ ឯ.ឧ ទៀ បាញ់ ក៏បានផ្តាំផ្ញើ ដល់អ្នកគ្រប់គ្រង ការដ្ឋាន ក៏ដូចក្រុមវិស្វករ និង ក្រុមជាង ត្រូវយកចិត្តដាក់លើការងាររបស់ខ្លួនហើយត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទី ដើម្បីជៀសវាងកុំឲ្យមានហានីភ័យកើតមានឡើងដល់ខ្លួននូវប្រការណាមួយនោះ ៕




































