ខេត្ដសៀមរាបៈក្រុមអាជីវករលក់ដូរនៅតាមប្រាសាទបុរាណ ខេត្ដសៀមរាប ជាង៤0នាក់ នៅព្រឹកថ្ងៃច័ន្ទបានប្រមូលផ្ដុំគ្នានៅខាងមុខប្រាសាទភ្នំបាខែង ដើម្បីត្រៀមរារាំង កម្លាំងអាជ្ញាធរជាតិអប្សរា ដែលមានគម្រោងចុះរុះរើតូបលក់ដូររបស់ពួកគេ ប្ដូរទៅកន្លែងផ្សេង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ។ករណីនេះ កើតឡើង បន្ទាប់ពីអាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹង ឲ្យក្រុមអាជីវករលក់នៅខាងមុខប្រាសាទភ្នំបាខែង និងខ្លោងទ្វារប្រាសាទអង្គរធំ (ទន្លេអុំ) រុះរើតូបពួកគេចេញឲ្យអស់ជាស្ថាពរ នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៤ ក្រោមហេតុផល កាត់បន្ថយផលប៉ះពាល់ទេសសភាពវប្បធម៌បុរាណ បរិស្ថាន និងបុរាណវិទ្យា នៅតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រអង្គរ។ក្រុមអាជីវករលក់នៅខាងមុខ ប្រាសាទភ្នំបាខែង បានឲ្យដឹងនៅកន្លែងប្រមូលផ្ដុំថា អាជ្ញាធរជាតិអប្សរា នឹងចុះរុះរើកន្លែងលក់ដូរពួកគាត់ឲ្យអស់ជាស្ថាពរ នៅថ្ងៃទី១៥ខែធ្នូ
ដើម្បី យកកន្លែងនោះពង្រីកចំណតរថយន្ដ ។ ក្រុមអាជីវករបន្ដថា ពួកគេមិនព្រមឲ្យអាជ្ញាធរអប្សរា រុះរើតូបពួកគាត់ ទៅកន្លែងផ្សេងឡើយ ដោយសារទីតាំងថ្មីនោះមានទំហ៊ំតូចជាងកន្លែងចាស់។ក្រុមអាជីវករខ្លះ លក់ដូរនៅតាមប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៣មក ហើយពួកគាត់មិនជំទាស់នឹងការផ្លាស់ប្ដូរកន្លែងលក់ដូរទេ ប៉ុន្ដែអាជ្ញាធរត្រូវរៀបចំនិងផ្ដល់កន្លែងថ្មីឲ្យពួកគេបានសមរម្យ ពោល ទំហំតូប២ម៉ែត្រកន្លះគុណ៤ម៉ែត្រ ដូចកន្លែងចាស់។ ស្ត្រីម្នាក់បញ្ជាក់ថា ការលក់ដូររបស់ពួកគាត់ នៅខាងមុខប្រាសាទភ្នំបាខែងនោះ មិនមានផលប៉ះពាល់ដល់បុរាណវិទ្យានិងសណ្ដាប់ឡើយ ប៉ុន្ដែអាជ្ញាធរមានគម្រោងយកកន្លែងនោះ ដើម្បីជាប្រយោជន៍បុក្គល។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការប្ដូរកន្លែងលក់ដូរអាជីវករនេះ ដើម្បីសម្រួលដល់សណ្ដាប់ធ្នាប់តំបន់ទេសចរណ៍។ លោកស្រីបន្ថែមថា អាជ្ញាធរមិនមានទីតាំងធំ សម្រាប់តាមសេចក្ដីត្រូវការ របស់អាជីវករឡើយ ហើយទីតាំងលក់ដូរនៅខាងមុខប្រាសាទភ្នំបាខែង និងខ្លោងទ្វារទន្លេអុំ ជាកន្លែងលក់ដូរអនាធិបតេយ្យ។បើតាមពលរដ្ឋ ឲ្យដឹងថា ការបង្ខំឲ្យពួកគេរុះរើតូបលក់ដូរទៅកន្លែងផ្សេងនោះ អាជ្ញាធរជាតិអប្សរាមានគម្រោងបង្កើតស្ដង់លក់កាហ្វេនិងរោងដាក់កាបូប ភ្ញៀវទេសចរណ៍ ទស្សនាប្រាសាទភ្នំបាខែង។ចំណែក លោក ប៊ុន ណារិទ្ធិ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បដិសេធថា មិនមានដូចការលើកឡើង របស់អាជីវករនោះទេ គឺចង់ឲ្យពួកគាត់លក់ដូរមានរបៀបនិងសណ្ដាប់ ធ្នាប់ល្អ៕




































