ស្ទឹងត្រែង៖មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ប្រារព្វទិវាពិភពលោក ប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍០១ធ្នូ ឆ្នាំ២០១៤ ក្រោមប្រធានបទ(គ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់) ដោយសាជំងឺអេដស៏ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍មេរោគអេដស៍ក្នុងពេលដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថាជំងឺអេដស៏នៅតែជាបញ្ហាប្រឈមទៅលើស្រទាប់យុវវ័យនៅឡើយ។
នៅក្នុងពិធីប្រារព្វទិវាពិភពលោក ប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍នៅខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា៖ ទិវា នេះ មានគោលបំណងផ្តល់ការ អប់រំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់យុវវ័យឲ្យរូមគ្នាការពារកុំឲ្យកើតមាន ជំងឺឆ្លងអេដស៍ ទៅដល់គ្រួសារនៅក្នុងសង្គមទាំងមូល និងជាការបង្ហាញ នូវការតាំងចិត្ត ប្តេជា្ញចិត្ត របស់ប្រជាជាតិទាំងមូលក៏ដូចជានៅក្នុងពិភពលោក ក្នុងការចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍មេរោគអេដស៍ឲ្យមានប្រសិទ្ធភាព។
លោក ប្រធាន មន្ទីរមានប្រសាសន៏បន្ថែមថា៖ ជំងឺអេដស៍ពុំមានថ្នាំព្យាបាលទេ ហើយបច្ចុប្បន្នជំងឺនេះធ្វើឲ្យប៉ះពាល់ដល់ បុក្គល គ្រួសារ សហគមន៍ សង្គមជាតិ និងពិភពលោកទាំងមូល ទៅលើការអភិវឌ្ឍន៍ ការបាត់បង់នូវធនធានមនុស្ស និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថែមទៀត។ ហើយ កន្លងអង្គការសុខភាពពិភពលោក បានអះអាងថានៅឆ្នាំ២០០៧មានអ្នកផ្ទុកមេរោគអេដស៏ប្រមាណ៣៣,២លាននាក់ភាគច្រើន ជាមនុស្សពេញវ័យនឹងកុមារហើយមានមនុស្សប្រមាណ២,១លាននាក់បាត់បង់ជីវីតដោយសារជម្ងឺដ៏កាចសាហាវនេះ។
លោកជំទាវ គង់ ស៊ីផា អភិបាលរងខេត្ត មានប្រសាសន៍ទទួលស្គាល់ថា៖ ជំងឺអេដស៍ពិតជាបានបំផ្លាញនូវគ្រប់រូបភាពបើសិនជា ក្រុមគ្រួសារ ណាមួយកើតជំងឺនេះ ហើយដើម្បីសម្រេចឲ្យបានតាមគោលដៅក្រោមប្រធានបទ( គ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់) មន្ទីរសុខាភិបាលត្រូវពង្រឹងការអប់រំ ទៅដល់ផ្នែកសុខភាពបន្តពូជ និងសកម្មភាពផ្លូវភេទ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងមេរោគអេដស៍ ទាំងនោះ ជាពិសេសជនបង្គោលនៅតាមមូលដ្ឋាន ឬក្រុមមិត្តអប់រំមិត្តត្រូវបន្តការផ្សព្វផ្សាយ នូវចំណេះដឹងនិងវិធីសាស្ត្រការពារឲ្យបានទូលំទូលាយដល់ទៅមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនិងគ្រឹះស្ថានសិក្សាជាដើម។
ជាមួយនេះដែរលោកជំទាវ អភិបាលរងក៍បានអំពាវនាវ ដល់អ្នកដែលទៅរកសេវាខាងក្រៅ ត្រូវប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០%គឺជាវិធានការទប់ស្កាត់ កុំឲ្យឆ្លងមេរោគអេដស៍ដ៍មានប្រសិទ្ធិភាព។ហើយគ្រប់ស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍន៍ សហគមន៍និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រការដល់ការថែទាំ និងព្យាបាល អ្នកផ្ទុកមេរោគអេដស៍ ជនងាយរងគ្រោះ ដូចជាកុមារកំព្រា ស្ត្រីរងគ្រោះ ព្រមទាំងចូលរួមលុបបំបាត់ ការរើសអើង។
សូមបញ្ចាក់ថា៖ទិវាពិភពលោក ប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ មានគោលបំណងរួមគ្នាលប់បំបាត់ ការចម្លងមេរោគអេដស៍ ពីម្តាយទៅកូនចាប់ពីឆ្នាំ២០១៥ដល់២០២០ឲ្យទទួលបានជោគជ័យ ពីព្រោះនៅខេត្តស្ទឹងត្រែងមានអ្នកផ្ទុកមេរោគអេដស៍ចំនួន៤០២នាក់ក្នុងនោះមានកុមារ៣៩នាក់។
ពិធីនេះក៏បាននាំអំណោយរបស់កាកបាតក្រហមកម្ពុជាចែកជូនគ្រួសារផ្ទុកមេរោគអេដស៍ចំនួន២៥គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេឆា ទឹកដោះគោ ស្កសរ នឹងថាវិការចំនួនប្រាំម៉ឺនរៀលក្នុងមួយគ្រួសារ៕




































