កំពង់ធំៈ សង្កាត់រដ្ឋបាលជលផលស្រុកប្រាសាទសំបូរ សហការជាមួយកំលាំងផ្នែកសឹករងស្រុកប្រាសាទ សំបូរ ដឹកនាំដោយលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលសំបូរ លោក លី បានអ៊ាន់ នាយរងសង្កាត់ និង លោក សុខ សម្បត្តិ មេបញ្ជាការង ផ្នែកសឹករងស្រុកប្រាសាទសំបូរ ចុះបង្ក្រាប និងប្រមូលឧបកណ៍នេសាទខុសច្បាប់ នៅចំនុច បឹងកកាយ ស្ថិតនៅក្នុងភូមិ កំពង់ឈើទាល ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤។
ឧបករណ៍នេសាទខុសច្បាប់ ដែលសមត្ថកិច្ចប្រមូលបាន រួម ស្បែមុងចំនួន ២វង់ មានប្រវែង៣០ម អួនណាប ចំនួន២វង់ ៣០ម , ទូកចំនួន៤គ្រឿង របាំងស្បៃមុង៣របាំង ប្រវែង៩៣ម លូស្បៃមុងចំនួនមួយមាត់ និងរបាំង ស្បៃមុងចំនួន២របាំងប្រវែង ៦០ ត្រូវបានសមត្ថកិច្ចដុតកំទេចចោលនៅនឹងកន្លែង ចំណែកវត្ថុតាងដែលនៅសេសសល់ ត្រូវបានដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលសំបូរ។
លោក លី បានអ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសំបូរ បានឲ្យដឹងថា ការចុះបង្ក្រាបនឹងទប់ស្កាត់ការនេសាទត្រីដោយខុសច្បាប់នេះ ដោយយោងតាមបទបញ្ជារបស់ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ បានធ្វើការណែនាំនឹងចង្អុលបង្ហាញ ឲ្យគ្រប់ផ្នែក និងសង្កាត់រដ្ឋបាលជលផល ពង្រឹងនូវការ អនុវត្តច្បាប់ សហការ ជាមួយកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ រួម ទាំងការប្រើប្រាស់នូវឧបករណ៍ឆក់ត្រី ដើម្បីចូលរួមថែរក្សាមឆ្ឆាជាតិ ក៏ដូចជាការបំពេញនូវតួនាទីជាសមត្ថកិច្ចថែរក្សាអភរក្សធនធានមឆ្ឆាជាតិ។
លោក សុខ សម្បត្តិមេបញ្ជាការង ផ្នែកសឹករងស្រុកប្រាសាទសំបូរ បានឲ្យដឹងថា រាល់ការបង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋាន តែងតែបានសហការជាបន្តបន្ទាប់ ជាមួយនឹងសមត្ថកិច្ចជំនាញ តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យកងកម្លាំងគ្រប់ស្រុកក្រុង ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បង្ក្រាបរាល់បទល្មើសដែលមាន មិនតែប៉ុណ្ណោះ កម្លាំងផ្នែកសឹករងស្រុកប្រាសាទសំបូរ ក្រៅពីចូលរួមទប់ស្កាត់ការពាររាល់បទល្មើសដែលកើតឡើង ផ្នែកសឹកក៏ បានចុះជួយដកស្ទូង និងច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ និងស្ត្រីមេម៉ាយផងដែរ។
ដោយ ហ៊ាន ប៊ុនថា