កំពង់ឆ្នាំង៖បញ្ហសំណង់ផ្ទះបណ្តែតទឹកលើដងទន្លេដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិដ្ឋានទឹក ត្រូវបានអាជ្ញាធរមូលដ្ឋានលើកយកពិភាក្សា នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ដែលមានអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ចូលរួមចំនួន១១០នាក់ នៅក្នុង
ក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៤ ថាតើខុសច្បាប់ដែរឬទេ និងត្រូវដោះស្រាយ ឬទប់ស្កាត់បែបណា។ក្នុងវេទិកានេះលោក អភិបាលខេត្តបានបញ្ជាក់ថា៖អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចត្រូវតែទប់ស្កាត់អោយបានដោយមិនអនុញ្ញាតអោយមានការសាងសង់ផ្ទះបណ្តែតទឹកថ្មីទៀតឡើយ បញ្ហានេះអាជ្ញាធរ ខេត្ត បានធ្វើរាយការណ៍ជូនថ្នាក់លើសុំចាត់វិធានការណ៍ហើយ ជាគោលការណ៍ខាងមុខនេះមិនអោយមានផ្ទះបណ្តែតទឹកក្នុងទន្លេទៀតឡើយ។
ទាក់ទងនិងសំណួររបស់អាជ្ញាធរមូលដ្ឋានស្តីពីបញ្ហាផ្ទះបណ្តែតលើទឹក លោក ឈួរ ចន្ទ័ឌៀន អភិបាលខេត្តកំពង់ឆ្នាំងគូសបញ្ជាក់អំពីផលប៉ះពាល់អោយដឹងថា៖ផ្ទះបណ្តែតលើទឹកគឺជាក្តីកង្វល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកនេះអាជ្ញាធរខេត្តបានធ្វើរបាយការ ណ៍និងសំណើសុំគោលការណ៍ទៅថ្នាក់លើរួចហើយ សំណើនេះឯឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានគាំទ្រផងដែរ និងកំពុងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ផ្ទះបណ្តែតទឹកនៅក្នុងទន្លេ។
លោកអភិបាលខេត្តកំពង់ឆ្នាំងបានដាក់វិធានការណ៏យ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជានថ្នាក់ក្នុងមូលដ្ឋានថា៖ទន្ទឹមនឹងរង់ចាំគោលការណ៍ពីថ្នាក់លើ អាជ្ញាធរគ្រប់មូលដ្ឋានមិនត្រូវអនុញ្ញាតអោយមានការសាងសង់ផ្ទះបណ្តែតលើទឹកទៀតឡើយត្រូវតែទប់ស្កាត់អោយបានជាដាច់ខាត។ក្នុងបញ្ហនេះដែរអាជ្ញាធរខេត្តក៏ធ្លាប់បានពិភាក្សាជាមួយប្រធានសមាគមវៀតណាម ខ្មែរឥស្លាម និងតំណាងប្រជាពលរដ្ឋខ្មែរដែលមានផ្ទះបណ្តែតទឹកក្នុងទន្លេ ដើម្បីត្រៀមអោយម្ចាស់ផ្ទះបណ្តែតទឹកទាំងអស់រកទីតាំងថ្មីនៅលើដីគោករស់នៅ ព្រោះជាគោលការណ៍ត្រូវតែរុះរើផ្ទះបណ្តែតលើទឹកអោយអស់ (ប្រភពព័ត៌មានពីសមត្ថកិច្ចអោយដឹងថាផ្ទះបណ្តែតទឹកក្នុងខេត្តកំពង់ឆ្នាំងមានចំនួនសរុបប្រមាណជាង២០០០ខ្នងផ្ទះ)។
ផ្ទះបណ្តែតទឹកនិងអាជីកម្មលើទឹកមានដូចជា៖ជួសជុលម៉ាស៊ីន បញ្ចូលអាគុយ លក់ប្រេងឥន្ទនៈសិប្បកម្មធ្វើទឹកក សិប្បកម្មធ្វើបាឡាស្មាច់ ពិសេសបង្គន់លាមកក្នុងមួយថ្ងៃៗរាប់តោនធ្លាក់ពីផ្ទះបណ្តែតទឹករាប់ពាន់ខ្នងនេះ ចូលទឹកទន្លេនៅរដូវប្រាំងបានធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិដ្ឋានទឹករបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងទីក្រុងកំពង់ឆ្នាំងដែលប្រើប្រាស់ទឹកតាមរយះរដ្ឋាករទឹក។
លោកអភិបាលខេត្តនិងអាជ្ញាធរមូលដ្ឋាននៅក្នុងវេទិកានេះ ក៏បានសំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្ត សូមរួមគ្នាធ្វើអនាម័យរក្សាបរិដ្ឋានទឹក ដោយកុំនាំគ្នាបោះសំរាមក្នុងទឹកទន្លេ កាណូតដរទាំងអស់ត្រូវមានធុងដាក់សំរាម។ពិសេសបងប្អូនរស់នៅលើផ្ទះបណ្តែកទឹកទាំងអស់ត្រូវភ្ញាក់រលឹក និងត្រៀមខ្លួនរកទីតាំងដីលើគោក ដើម្បីផ្លាស់ទីលំនៅលើទឹករបស់ខ្លួន តាមគោលការណ៍ប្រមុខរាជរដ្ឋាភិបាល រួមចំណែកអភិវឌ្ឍន៍សង្គមជាតិអោយបានរុងរឿងទៅអនាគត៕



































