ខេត្តសៀមរាប នាថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៤ ឯ.ឧ នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានជួបធ្វើកិច្ចពិភាក្សាជាមួយក្រុមប្រឹក្សខេត្ត ជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯ.ឧ គីម គីយ៉ុង ប្រធានក្រុមប្រឹក្សាខេត្តជុងចុងណាំដូ និង
សហការី ក្នុងកិច្ចបង្កើតការទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាព និង ការអភិវឌ្ឍន៍រួមគ្នា រវាងក្រុមប្រឹក្សាខេត្តទាំងពីរ។
មានប្រសាសន៍ស្វាគមន៍នោះ ឯ.ឧ នូ ផល្លា ក៏បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប នៃព្រះរាជាណាចក្រ កម្ពុជា និង ខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិការ លើកវិស័យ កសិកម្ម វប្បធម៌ អប់រំ និង សុខាភិបាល ព្រមទាំងបានធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសផងដែរ ។
ឯកឧត្តម ក៏ បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនកូរ៉េ សំខាន់អាជ្ញាធរ និង ប្រជាជនខេត្តជុងចុងណាំដូ ដែលតែង បានជួយឧបត្ថម្ភគាំទ្រ ដល់ខេត្តសៀមរាប នូវសម្ភារៈការិយាល័យ សុខាភិបាល វិស័យអប់រំ និង អណ្តូងទឹកស្អាតជូនដល់ ប្រជាជនក្រីក្រទៀតផង ។ ឯ.ឧ នូ ផល្លា ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាប និង ពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុមប្រឹក្សាខេត្ត ដែលដំណើរការបានពីរអាណត្តិមកនេះ ។
ម្យ៉ាងទៀតការផ្តួចផ្តើម ក្នុងការចងសម្ព័ន្ធមេត្រីភាព រវាង ក្រុមប្រឹក្សាខេត្តសៀមរាប និង ខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើននូវទំនាក់ទំនងនឹងគ្នា ឲ្យកាន់តែមាន ភាពរឹងមាំរវាងក្រុមប្រឹក្សាខេត្ត ក៏ដូចអាជ្ញាធរខេត្តទាំងពីរ និង ទទួលបាននូវការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ពីគ្នា ទៅវិញទៅមកផងដែរ ។
មានប្រសាសន៍នោះដែរឯ.ឧ គីម គីយ៉ុង ក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ច នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋាន លើសកលលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការបញ្ជាក់អំពី សក្តានុពលសេដ្ឋកិច្ច និង ភូមិ សាស្ត្ររបស់ខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ ដែលមានវិសាលភាពលើសេដ្ឋកិច្ចនីប្រទេសកូរ៉េ។
ឯកឧត្តម គីម គីយ៉ុង ក៏បានលើកផងដែរ អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្តជុងចុងណាំដូ ដែលជាស្ថាប័នមួយក្នុងការត្រួតពិនិត្យ សកម្មភាព លទ្ធផលការងាររបស់គណៈអភិបាលខេត្ត និង មន្ទីរ អង្គភាព ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីដំណើរការចូលជួបពិភាក្សាជាមួយអាជ្ញាធរអប្សរា អំពីការគ្រប់គ្រង នូវសម្បត្តិវប្បធម៌ រមណីយដ្ឋានប្រវត្តិសាស្ត្រ ។ ម្យ៉ាងទៀតក្រុមគណៈប្រតិភូក៏បានអញ្ជើញទស្សនានៅតាមប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ លើពិភពលោក ដែលមានលក្ខណៈដ៏មហាអស្ចារ្យនេះ ។ ដំណើរទស្សនកិច្ចនេះជាការជម្រុញឲ្យក្រុមប្រឹក្សាខេត្តទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់ល្អប្រសើរទ្វេរឡើង ។
ក្នុងជំនួបពិភាក្សានេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តទាំងពីរ ក៏បានធ្វើការចុះអនុស្សរណៈ ការផ្តួចផ្តើងចងសម្ព័ន្ធមេត្រីភាព រវាងក្រុមប្រឹក្សាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមប្រឹក្សាខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋ កូរ៉េ ដោយបានលើកកម្ពស់យោគយល់គ្នា និង កិច្ចសហប្រតិបត្តិការ តាមរយៈផ្លាស់ប្តូរដំណើរទស្សនៈកិច្ចប្រតិភូ គ្នាទៅវិញទៅមក ,ជម្រុញដល់កំណើន និង វិបុលភាពរបស់ខេត្តទាំងពីរ តាមរយៈ គាំទ្រ និង ធានាឲ្យមានទំនាក់ទំនង ព្រមទាំងកិច្ចសហការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស័យអប់រំ ទេសចរណ៍ ការការពារបរិស្ថាន យុវជន ព្រមទាំងវិស័យផ្សេងៗ ។
ក្នុងនោះដែរភាគីទាំងពីរ បានគាំទ្រ ដល់រាល់សកម្មភាពនានា ឧបត្ថម្ភ និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការជម្រុញសកម្មភាព ឯកជន និង ឯកជនរបស់ខេត្តទាំងពីរផងដែរ ៕



































