​កន្ទុយលេខ​នៅ​ខេត្តព្រះវិហារ​ល្បី​ខ្លាំង​ថា​ចាក់​ក្នុង​១​ថ្ងៃ​ជាង​១០០​លាន​ ​រៀល​រីឯ​អាជ្ញាធរ​ទទួល​សំណូក​ពី​មេ​ឆ្នោត​ក្នុង​១​ខែៗ​ចំនួន​២​លាន​រៀល​

0

​ព្រះវិហារ​​ល្បែងស៊ីសង​ខុសច្បាប់​ចាក់​ឆ្នោត​កន្ទុយលេខ​នៅ​ខេត្តព្រះវិហារ​នៅតែមាន​សន្ទុះ​ខ្លាំងក្លា​ប្រជែង​យកឈ្នះ​ទៅនឹង​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​ដោយសារ​អាជីវ​ករលក់​ដូរ​ស្ទើរ​៨០​ភាគរយ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នាំគ្នា​ញៀន​នឹង​ល្បែង​ចាក់​កន្ទុយលេខ​ភ្នាល់​លុយ​ច្រើនៗ​ហើយ​រង់ចាំ​ផ្ទៀង​លទ្ធផល​

ឆ្នោត​រៀងរាល់​ពេល​ល្ងាច​ស្ទើរ​ភ្លេច​គិតពី​មុខរបរ​លក់ទំនិញ​ទៅហើយ​។​​ ​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ប្រមាណ​៨០​ភាគរយ​បាននាំគ្នា​ងប់​ង​ល់​ខ្លាំង​ចាក់​ឆ្នោត​កន្ទុយលេខ​ប្រែក្លាយ​ពី​ទីផ្សារ​លក់​ដោះដូរ​ទំនិញ​ទៅជា​ទីផ្សារ​លេងល្បែង​ស៊ីសង​យ៉ាង​ផុសផុល​ហើយ​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​។​រីឯ​ក្បាលម៉ាស៊ីន​មន្ដ្រីនគរបាល​យុត្តិធម៌​ត្រូវបាន​គេ​សង្ស័យថា​បានទទួល​សំណូក​សូកប៉ាន់​ពី​ស្ដ្រី​មេ​ឆ្នោត​ឈ្មោះ​ផា​រី​បុរស​មេ​ឆ្នោត​ឈ្មោះ​លី​និង​បុរស​មេ​ឆ្នោត​ឈ្មោះ​កេង​ជនជាតិ​វៀតណាម​អតីត​មេបន​ល្បែង​អាប៉ោង​នៅក្រោយ​ផ្សារ​កំពង់​ប្រណាក​។​
​ ​ភ្នាក់ងារ​ដដែល​បាន​បង្ហើប​អោយដឹងថា​មេ​ឆ្នោត​ទាំង​៣​នាក់​នេះ​បាន​ដើរ​និយាយ​បោះពាក្យ​សំដី​ថា​គ្មាន​នរណាម្នាក់​មក​ចាប់​ទេ​បើ​ពួកគេ​បង់លុយ​ប្រចាំខែ​២​លាន​ទៅ​៣​លាន​រៀល​ក្នុង​១​ខែ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​អស់​ទៅហើយនោះ​ដោយ​បំផុស​អោយ​កូនកញ្ច្រែង​ក្រោមៗ​ពី​២០​ទៅ​៣០​នាក់​គិតតែ​ពី​កត់​ឆ្នោត​ទៅ​កុំ​ខ្វល់​ពី​ការចាប់​បង្ក្រាប​នោះ​។​
​ ​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​បានអោយដឹងថា​ជនសង្ស័យ​ជា​មេ​ឆ្នោត​ទាំង​៣​នាក់​ខាងលើ​ត្រូវបាន​អង្គភាព​របស់លោក​កោះហៅ​អោយចូល​ខ្លួន​មក​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ធ្វើជា​មេ​ឆ្នោត​កន្ទុយលេខ​ក​តាំងពី​ខែវិច្ឆិការ​ឆ្នាំ​២០១៤​ម្ដង​រួចមកហើយ​។​លោក​នឹងដាក់​កំលាំង​អោយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេ​ឆ្នោត​កត់​កន្ទុយលេខ​ជា​បន្តទៀត​ដើម្បី​ចាប់​យកមក​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​ខ​ណះ​ពេលនេះ​ឮថា​នៅតែមាន​អ្នក​ចាក់​ឆ្នោត​កន្ទុយលេខ​ច្រើន​ដដែល​។​
​ ​ប្រជាពលរដ្ឋ​និយាយ​រិះគន់​ថាបើ​ចង់​ចាប់​មេ​ឆ្នោត​ធំ​ទាំង​៣​នាក់​ខាងលើ​បាន​ភ្លាមៗ​វា​ងាយស្រួល​ទេ​បើសិន​ស្ថាប័ន​មន្ដ្រីនគរបាល​យុត្តិធម៌​កុំ​ទទួល​យកលុយ​សំណូក​សូកប៉ាន់​ពី​មេ​ឆ្នោត​នោះ​។​សមត្ថកិច្ច​ចាប់​មេ​ឆ្នោត​យកមក​ដាក់​ទ្រុង​មិនបាន​ដោយសារ​តែមាន​ចំណុចខ្សោយ​របស់ខ្លួន​គឺពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ទទួល​លុយ​សំណូក​ក្រោម​តុ​ពី​មេ​ឆ្នោត​តែម្ដង​ដើម្បី​ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​។​
​ប្រភពព័ត៌មាន​ដដែល​និយាយថា​ល្បែង​ឆ្នោត​ចាក់​កន្ទុយលេខ​នេះ​កំពុង​ល្បី​ទូទាំង​ខេត្តព្រះវិហារ​និង​បាន​ពង្វក់​អារម្មណ៍​ប្រជាជន​ប្រជាកសិករ​និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់​ប្រណាក​អោយ​ញៀន​ចាក់​កន្ទុយលេខ​ឥតឈប់ឈរ​ដោយ​ដឹងថា​ក្នុង​១​ថ្ងៃ​អាច​ប្រមូល​លុយ​ចាក់​ឆ្នោត​សរុប​ទាំងអស់​បាន​ចំនួន​ជាង​១០០​លាន​រៀល​ឯណោះ​។​
​ ​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់​ទំ​នង់​សុំ​ការបំភ្លឺ​ពី​ស្ដ្រី​មេ​ឆ្នោត​កត់​កន្ទុយលេខ​ឈ្មោះ​ផា​រី​បុរស​មេ​ឆ្នោត​ឈ្មោះ​លី​និង​បុរស​វៀតណាម​មេ​ឆ្នោត​ឈ្មោះ​កេង​បានទេ​ពាក់ព័ន្ធ​ទៅនឹង​ប្រភពព័ត៌មាន​ចោទប្រកាន់ថា​បាន​បង់លុយ​ប្រចាំខែ​ចាប់ពី​១​លាន​ទៅ​២​លាន​រៀល​ក្នុង​១​ខែ​ទៅអោយ​ស្ថាប័ន​មន្ដ្រីនគរបាល​យុត្តិធម៌​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធំៗ​ផ្សេងទៀត​៕