ភ្នំពេញ ៖យុវជន៣នាក់ជិះម៉ូតូឌុបគ្នាតាមផ្លូវត្រូវយុវជន២នាក់ទៀតជិះម៉ូតូដេញតាមវាយនិងបានចោទថាជាចោរឆក់កាបូបពីរនារីម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចចេញអ្តរាគមន៍ឃាត់ខ្លួនទាំង៥នាក់យកទៅសួរនាំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៨ ធ្នូ ២០១៤ នៅចំណុចមុខផ្ទះសំណាក់ទឹកថ្លាតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែសុខ ។
យុវជន៣នាក់ដែលគេចោទថាជាចោរឆក់កាបូបទី១.ឈ្មោះគង់ ប៉ូឡូ អាយុ១៨ឆ្នាំ ជាសិស្ស ,ទី២.ឈ្មោះ ប៊ុន ណា អាយុ១៧ឆ្នាំ ជាអ្នកសំអាតអនាម័យ និង ទី៣.ឈ្មោះ សុខ ចិត្ត អាយុ១៨ឆ្នាំស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកយុវជនពីរនាក់ដែលចោទគេទី១.ឈ្មោះ ពេជ្រ សត្យា អាយុ២១ឆ្នាំ និងទី២.ឈ្មោះ ចាន់ តារាអាយុ១៩ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីក្រុមយុវជន៣នាក់ដែលត្រូវគេចោទប្រកាន់ថាជាចោរឆក់កាបូបបានឱ្យ អ្នកយកព័ត៌មានដឹងថានៅមុនពេលកើតហេតុយុវជន៣នាក់ខាងលើបានម៉ូតូហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BF-3687 ដោយធ្វើដំណើរត្រឡប់មកពីលេងនៅខេត្តដោយបានបើកម៉ូតូឌុបគ្នាតាមផ្លូវជាតិលេខ៣រហូតមកដល់រង្វង់មូល
ចោមចៅក៏ត្រូវបានយុវជនពីរនាក់ផ្សេងទៀតជិះម៉ូតូមួយគ្រឿងឌុបគ្នាបានបើកដេញវាយយុវជន៣នាក់នោះតាមហហាវិថីសហព័ន្ធរុស្ស៊ីនិងបានចោទថាយុវជនទាំង៣នាក់ជាចោរឆក់កាបូបពីនារីម្នាក់ខណៈមកដល់ចំណុចកើតហេតុយុវជន៣នាក់បានឈប់ម៉ូតូរត់ឱ្យគេជួយ ។
ដោយឡែកបើតាមយុវជនពីរនាក់ដែលជិះម៉ូតូដេញតាមយុវជន៣នាក់នោះបានឱ្យដឹងថានៅមុនពេលកើតហេតុពួកគេបានឃើញយុវជន៣នាក់ខាងលើជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ឃើញដូច្នេះយុវជនទាំងពីរនាក់ក៏បានជិះម៉ូតូដេញតាមរហូតនិងស្រែកថាចោរឆក់កាបូបដើម្បីឱ្យគេចេញមកជួយចាប់យុវជនទាំង៣នាក់ខាងលើនេះ ។
ក្នុងហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចេញមកពីនិត្យនិងធ្វើការអន្តរាគមន៍ដោយជំហានដំបូងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនយុវជនទាំង៥នាក់ខាងលើបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំថាជារឿងករណីអ្វីឱ្យពិតប្រាកដ ជាករណីឆក់កាបូបឬជាករណីទំនាស់។




































