ខេត្តពោធិសាត់ ទោះបីជាឃើញមានវត្តមានសមត្ថកិច្ច បណ្តាក់គ្នាតាមដងផ្លូវដូចខ្យង តែករណីដឹកជញ្ជូនឈើប្រណិតគ្រប់ប្រភេទ បានកើតឡើងជារៀងរាល់ថ្ងៃ មិនដែលខាន ព្រោះជាច្រកចេញចូលទាំងពីរស្រុក អ្នករកស៊ីឈើគ្រប់ប្រភេទទាំងនោះ មានទាំងឈ្មួញ ជាប្រជាពលរដ្ឋ ជាអ្នកដឹកជញ្ជូនតាមរទេះគោ និងគោយន្តកន្ត្រៃ និងមានទាំងសមត្ថកិច្ច រកស៊ីបទល្មើសព្រៃឈើផងដែរ ប៉ុន្តែសមត្ថកិច្ច មិនដែលដឹកខ្លួនឯងទេ គឺជួលប្រជាពលរដ្ឋ ជាអ្នកដឹកជញ្ជូនតាមរទេះគោ ចេញពីច្រករាំងខ្វាវ អំពិល និងច្រកជាច្រើនផ្សេងទៀត បំបែកគ្នាខ្លះដឹកតាមច្រកកាត់ស្នាក់ការបរិស្ថាន នៅចំណុចយ៉ោក និងស្នាក់ការមេព្រៃឃុំឈើតុំ ស្រុកក្រគរ នៅតាមផ្លូវចិន មកកាន់ឃុំព្រងើល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។
បើតាមប្រភពត៌មាន ដឹកឈើខាងលើនេះ ត្រូវបានគេនិយាយថា ក្នុងមួយរទេះ អ្នករកស៊ីដឹកឈើ ត្រូវបង់អោយសមត្ថកិច្ចមួយផ្នែកៗ ចាប់ពី៨ម៉ឺនទៅ១០ម៉ឺនរៀល ទើបពួកគេអាចដំណើរការទៅបាន ពេលខ្លះអ្នករកស៊ីកាប់ និងដឹកជញ្ជូនឈើគ្រប់ប្រភេទ តែងតែចូលទៅបង់លុយអោយមេព្រៃ និងបរិស្ថាន និងសមត្ថកិច្ចផ្សេងទៀត ដែលឈរជើងនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ទើបពួកគេអោយអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឡើងទៅកាប់បំផ្លាញ និងដឹកជញ្ជូនបាន ។
សូមបញ្ជាក់ផងដែរថា នៅតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់គម្របព្រៃឈើរបស់រដ្ឋ និងតំបន់ផ្សេងទៀត នៅក្នុងទឹកដីខេត្តពោធិសាត់ គឺត្រូវរលាយដោយសារឈ្មួញ ដឹកឈើគ្រប់ប្រភេទត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចអស់ហើយ ឥឡូវនេះ មើលឃើញតែភ្នំនិងថ្ម បន្យល់ទុកអោយកូនចៅជំនាន់ក្រោយ មើលឃើញថ្មភ្នំ មិនឃើញព្រៃឈើ ដែលដូនតាទុកអោយទេ ៕




































