ជនសង្ស័យ២នាក់ ជាក្រុមចោរលួចមាន់ ត្រូវម្ចាស់ចាប់ប្រគល់អោយសមត្ថកិច្ច ខណៈបានធ្វើសកម្មភាពលួចចាប់មាន់ ហើយត្រូវម្ចាស់មកទាន់ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលចូលលួចមាន់នេះ ម្នាក់ឈ្មោះ ឡាង ចាន់រស្មី ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទុំ សុផង់ ភេទប្រុស ហៅ វល្លិ៍ ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យទាំងពីរនាក់នេះ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នៅមុនពេលចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ បានជិះម៉ូតូជាមួយគ្នា រួចចូលទៅក្នុងដីភូមិរបស់ប្រជាពលរដ្ឋ ហើយបានលួចបាញ់មាន់ប្រជាពលរដ្ឋ ពេលធ្វើសកម្មភាព ម្ចាស់មាន់បានមកទាន់ ក្របួចជាប់តែម្តង រួចបានរាយការណ៍ជូនសមត្ថកិច្ច នាំខ្លួនមកអធិការដ្ឋាន នគរបាលក្រុងតែម្តង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចរកឃើញមាន់ចំនួន២ក្បាល ងាប់១ក្បាល និងម៉ូតូរបស់ជនសង្ស័យចំនួន២គ្រឿង ។
បើតាមចំលើយសារភាព របស់ជនសង្ស័យ ពួកគេពិតជាបានធ្វើសកម្មភាព លួចបាញ់មាន់នេះពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



































