​កាមរី​ហើម​តាក់ស៊ី​ភ្នំពេញ កំពង់ឆ្នាំង បោះពួយ​លឿន​ពេក​ទៅបុក​រះ​អ្នកធ្វើដំណើរ​តាមផ្លូវ របួសធ្ងន់​២​នាក់​

0

​កំពង់ឆ្នាំង​៖​រថយន្ត​ម៉ាក​កាមរី​ហើម​បាន​បើក​ទៅបុក​ម៉ូតូ​វ៉េវ​ហើយ​ជ្រុល​ទៅបុក​សិស្សសាលា​ម្នាក់​ដែល​កំពុង​ជិះ​កង់​លើផ្លូវ​ម្ខាង​ទៀត បណ្តាលអោយ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ហើយ​រថយន្ត​បាន​បើក​រត់គេច​។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​២៥​នាទី​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨១​និង​៨២ ត្រង់ចំណុច​ខាងមុខ​ផ្សារ​ព្រៃ​ខ្មែរ​ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំបង់​ឆ្នាំង​។​
​ប្រភពពី​សមត្ថកិច្ច​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​ម្ចាស់​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នេះ​គេ​មិនបាន​ស្គាល់ឈ្មោះ​នោះទេ ហើយ​រថយន្ត​នេះ​ម៉ាក​កាមរី​ហើម ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​PP2A6805 ជា​រថយន្ត​តាក់ស៊ី បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​និង​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1A8628 បើកបរ​ដោយ​ឈ្មោះ ថុច ស៊ីថា អាយុ​៣៣​ឆ្នាំ រងរបួស​ធ្ងន់ រស់នៅក្នុង​ភូមិ​ឈើ​ត្រាច ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ហើយ​ក្មេងស្រី​រងគ្រោះ​ដែល​ជិះ​កង់​ម្នាក់ទៀត ឈ្មោះ បូ ស្រី​ចាន់ អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ក្នុងភូមិ​ចំបក់​គ​ន្រា​ញ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ដោយសារតែ​នាង​មាន​អាកា​រះ​ឈាម​ចេញ​តាម​ត្រចៀក និង​ក្អួ​ន​ជាប់​រហូត ។
​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ​ដែល​នៅខាងមុខ​ផ្សារ​ព្រៃ​ខ្មែរ​ក៏បាន​បុក​និង​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទិស​ស្រប​ទិស​គ្នា​ផ្នែក​ខាងស្តាំ​ដៃ បណ្តាលអោយ​ប៉ើង​មនុស្ស​បោក​ក្បាល​និង​ថ្នល់​រងរបួស​ធ្ងន់ ភ្លាមនោះ​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​មក​បុក​ក្មេងស្រី​ដែល​កំពុង​ជិះ​កង់​ចេញពី​សាលា ធ្វើអោយ​រងរបួស​ធ្ងន់​ម្នាក់ទៀត ភ្លាមនោះ​អ្នកបើករថយន្ត​បង្ក​បាន​បើក​រត់គេច​ចំងាយ​ប្រមាណ​ជា​៣០​ទៅ​៤០​ម៉ែត្រ ហើយ​បាន​ចត​រថយន្ត​ចោល​រួច​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ ដោយ​ទុក​រថយន្ត​ចោល​ជាមួយ​អ្នកធ្វើដំណើរ​នៅ​កន្លែងកើតហេតុ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​យកមក​ដាក់​នៅក្នុង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ដើម្បី​ព្យាបាល​តែដោយសារ​របួស​ជនរ​ង​គ្រោះ​ទាំង​២​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រួសារ​ក៏បាន ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ដឹក​យកមក​មន្ទី​ពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​។ ចំណែក​ក្មេងស្រី​ដោយមាន​សភាព​ធ្ងន់​ពេក​ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​ដឹកបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រុងភ្នំពេញ ។​
​ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​កំលាំង​នគរបាល​អធិការដ្ឋាន​ស្រុក​រលាប្អៀរ នាំយកមក​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ។​តែ​ទោះជា​យ៉ាងណា​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ គេ​នៅ​ពុំទាន់​ដឹងថា​យ៉ាងណា​នៅឡើយ​នោះទេ ព្រោះ​ជនរងគ្រោះ​ទាំង​២​កំពុង​ស្ថិតនៅ​ក្នុងការ​សង្គ្រោះ​បន្ទាន់ដោយ​ម្នា​ក់នៅ​មន្ទីរពេទ្យ​ខេត្ត និង​ម្នាក់ទៀត​នៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ភ្នំពេញ​នៅឡើយ ៕