សៀមរាប ៖ បន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាអស់រយៈពេល៥២ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ សិក្ខាកាមទាំង១៨៥នាក់ ក្នុងនេះមានសិក្ខាកាមនារីចំនួន៣៤នាក់ នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្រាប់បេក្ខជនជ្រើសរើសថ្មី ឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៤ បានអនុវត្តមេរៀនហ្វឹកហាត់ជំនាញប្រើអាវុធវែងធុនអាកា លើទីលានបាញ់គ្រាប់ពិត នៅទីបញ្ជាការមុខយោធភូមិភាគទី៤ ( អូរកូនតឹង )ក្រោមវត្តមានរបស់ឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ។
លោកវរសេនីយ៍ឯក ហុង ណារ៉ុង នាយកសាលានគរបាលជាតិភូមិភាគទី៤ ខេត្តសៀមរាបបានឲ្យដឹងថា សិក្ខាកាមទាំង១៨៥នាក់ រួមមានមកពីខេត្តសៀមរាបចំនួន៩៧នាក់ ស្រី១៨នាក់ ខេត្តកំពង់ធំ៣៩នាក់ ស្រី០៩នាក់ មកពីខេត្តព្រះវិហារ១៨នាក់ ស្រី០៥នាក់ និងមកពីខេត្តឧត្តរមានជ័យ៣១នាក់ ស្រី០២នាក់ ។ វគ្គបណ្តុះបណ្តាល មានរយៈពេល៦០ថ្ងៃ គឺគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ ។ លោកនាយកសាលាបានបន្តឲ្យដឹងថា សម្រាប់ការអនុវត្ត
មេរៀនហ្វឹកហាត់ប្រើប្រាស់អាវុធវែង និង បាញ់គ្រាប់ពិត របស់សិក្ខាកាមទាំង១៨៥នាក់ គឺត្រូវបានការជួយឧបត្ថម្ភពីសំណាក់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានគណបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤ និងទី៥ ។ ជាមួយគ្នានេះ សម្រាប់កម្មវិធីបាញ់គ្រាប់ពិតនេះដែរ សាលានគរបាលជាតិភូមិភាគទី៤ បានទទួលនូវកិច្ចគាំទ្រសហការ ទាំងការផ្តល់ទីតាំង សម្ភារៈ និងបច្ចេកទេស យ៉ាងល្អប្រសើរបំផុត ពីសំណាក់បញ្ជាការដ្ឋាន និង គ្រូយោធាចារ្យយោធភូមិភាគទី៤ ។
ឧត្តមសេនីយឯក សុខ ធឿន មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគ៤ មានប្រសាសន៍ថា ៖ និយាយជារួម សម្រាប់វគ្គបណ្តុះបណ្តាលនេះទាំងមូល គឺជាការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសផែនការកំណែទំរង់កងកម្លាំងនគរបាលជាតិ ដែលខ្លឹមសារសំខាន់នៃកំណែទំរង់នេះ គឺការរៀបចំរចនាសម្ព័ន្ធក្របខ័ណ្ឌនគរបាលជាតិ ឲ្យមានចំនួនសមស្រប និង ការកសាងធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ឲ្យមានវិជ្ជាជីវៈ ជំនាញពិតប្រាកដ និង ស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ។
សម្រាប់លទ្ធផលជាផ្លែផ្កានៃវគ្គបណ្តុះបណ្តាលនេះ ឧត្តមសេនីយឯក សុខ ធឿន បានសម្តែងនូវការដឹងគុណ ចំពោះក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង អរគុណចំពោះបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដែលបានដើរតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការកសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នជូនដល់ កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ផងដែរ ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា





































