កំពង់ឆ្នាំង៖កុមារីរស់ក្នុងគ្រួសារក្រីក្រម្នាក់ ត្រួវបានរថយន្តទំនើបមួយ គ្រឿងមកផ្តាច់យកជីវិតរបស់នាងទាំងវ័យក្មេងយ៉ាងអណោចអធម ខណះ ដែលនាងទើបតែចេញពីសាលារៀនឆ្លងផ្លូវដើរសំដៅមកផ្ទះ ។ហេតុការណ៏នេះបាន កើតឡើងនៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
ក្រុមគ្រួសារកុមារីរងគ្រោះដែលបានឃើញហេតុការណ៏ខាងលើនេះ បានអោយដឹងថា៖កុមារីរងគ្រោះឈ្មោះ ហេង ស្រីថា អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ មានម្តាយឈ្មោះ គង់ ចនី្ន អាយុ២៧ឆ្នាំ ឪពុកឈ្មោះ ឈឿង ភឹម អាយុ២៨ឆ្នាំ មានកូន៣នាក់ ស្រី២នាក់ កុមារីដែលស្លាប់ជាកូនទី១ ហើយទាំង២នាក់ប្តី ប្រពន្ឋជាឪពុកម្តាយមានមុខរបរជាកម្មករបំរើការនៅក្នុងសិប្បកម្មឡឥដ្ឋ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុកុមារីរងគ្រោះបានចេញពីសាលារៀនធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត ពេលនាងកំពុងដើរឆ្លង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស XR 330 ពណ៏ស្ករ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បានមកបុកកុមារីរងគ្រោះពេញទំហឹង ប៉ើងខ្ទាតចំងាយ២០ម៉ែត្រ បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ដោយឡែករថយន្តបានឈប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ បន្សល់ទុកអ្នករួមដំណើរ២ទៅ៣នាក់នៅក្នុងរថយន្ត។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ហើយ សពកុមារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទានតាមប្រពៃណី នៅផ្ទះកុមារីរងគ្រោះអ្នកភូមិកំពុងតែនាំគ្នាចូលបុណ្យ ដើម្បីយកប្រាក់មកជួយចាត់ចែងធ្វើបុណ្យទានដោយ សារតែគ្រួសារនេះក្រីក្រគ្មានប្រាក់សំរាប់ធ្វើបុណ្យកូន ឡើយ។
រីឯរថយន្តបង្កត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុករលាប្អៀរ ដើម្បីធ្វើការដោះស្រាយជាមួយនិងឪពុកម្តាយកុមារីរងគ្រោះនៅពេលក្រោយ ។
បងស្រីម្នាក់ដែលធ្វើដំណើរតាមរថយន្តបង្កខាងលើ បាននិយាយអោយសមត្ថកិច្ចដឹងនៅកន្លែងអធិការដ្ឋានស្រុករលាប្អៀរ ថា៖រថយន្តនេះជារថយន្តរបស់គាត់ តែគាត់បានជួលតៃកុងមកអោយបើក ពេលជួបបញ្ហាគេមិនបាននៅដោះស្រាយជាមួយនិងជនរងគ្រោះទេ បែរជារត់ចោលទាំងគាត់ទាំងរថយន្ត៕



































