ខេត្តបន្ទាយមានជ័យ៖
ស្រូវពុំទាន់ច្រូតកាត់និងកណ្តាប់ស្រូវប្រមូលផលរួចមិនទាន់ដឹកជញ្ជូនទៅផ្ទះសរុបជាង៣ហិករបស់កសិករចំនួន៤គ្រួសារនៅក្នុងស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកត្រូវបានភ្លើងរាលដាលឆេះអស់ទាំងស្រុងតែម្តង។ គ្រោះមហន្តរាយនេះបង្កឱ្យខូចខាតស្រូវប្រជាពលរដ្ឋទាំង៤គ្រួសារនោះកើតឡើងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៤នៅចំណុចឃុំភ្នំដីនិងនៅចំណុចភ្នំលាភខណៈដែលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទើបតែធ្វើការផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឱ្យមានការប្រុងប្រយ័ត្នពីបញ្ហាគ្រោះថ្នាក់ដោយអគ្គីភ័យនេះនៅពេលដែលរដូវប្រាំងរាំងស្ងួតបានមកដល់វាងាយបង្កកើតឡើងជាអគ្គីភ័យគ្រប់ពេលវេលានោះ។ គ្រោះអគ្គីភ័យខាងលើក៏គេឃើញមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាចុះទៅជួយទប់ស្កាត់ពន្លត់ភ្លើងមិនឱ្យទៅរាលឆាបឆេះស្រូវប្រជាពលរដ្ឋក្បែរនោះបន្ថែមទៀតនោះឡើយ។
ហេតុការណ៍នោះប្រសិនបើពុំមានការជួយអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយទប់ស្កាត់ទាន់ពេលវេលាទេនោះគឺទំហំនៃការខូចខាតដោយសារអគ្គីភ័យនេះអាចបង្កឱ្យផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋមួយចំនួនទៀតដែលមានស្រែមិនទាន់ប្រមូលផលនៅក្បែរបន្ថែមទៀងផងដែរ។ អគ្គីភ័យដែលឆាបឆេះស្រូវប្រជាពលរដ្ឋ៤គ្រួសារនៅស្រុកចំនួន២ខាងលើកើតឡើងនៅស្រុកភ្នំស្រុកសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីការចោលកន្ទុយបារី នៅពេលមាន មនុស្សជិះគោយន្តបើកឆ្លងកាត់។
ចំណែកអគ្គីភ័យកើតឡើងនៅស្រុកព្រះ នេត្រព្រះ សមត្ថកិច្ចស្រាវជ្រាវរក ឃើញបណ្តាលមកពីក្មេងតូចឃ្វាលសត្វទាដុតផ្លែចេកយកបរិភោគ ហើយរាលដាលរងើកភ្លើងបង្កក្លាយជាអគ្គី ភ័យឡើង។ ក្នុងនោះម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទាក៏ចេញថ្លៃខូចខាតជូនប្រជាពលរដ្ឋម្ចាស់ស្រូវរងគ្រោះចំនួន២ គ្រួសារទៅលើស្រូវជាង២ហិកតាដែលរងការខូចខាតអស់នោះ។
គួររំលឹកថាអគ្គីភ័យខាងលើបានកើតឡើងនៅ ស្រុកភ្នំស្រុកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នៅចំណុចឃុំភ្នំដីបណ្តាលឱ្យស្រូវខូចខាតចំនួនជាង១ហិកតា។ ប្រជាពលរដ្ឋម្ចាស់ស្រូវរងគ្រោះមានចំនួន២គ្រួសាររស់នៅក្នុងឃុំភ្នំដីនោះតែម្តង។ ចំណែកអគ្គីភ័យនៅស្រុកព្រះនេត្រ ព្រះ កើតឡើង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចឃុំភ្នំលៀប ។ម្ចាស់ស្រូវរងគ្រោះ មានចំនួន ២គ្រួសាររស់នៅក្នុងឃុំភ្នំលៀប សរុបស្រូវខូចខាតជាង២ហិកតា ៕




































