ខេត្តប៉ៃលិន៖ បុរសម្នាក់ដែលជាកម្មករស៊ីឈ្នួលដកដំឡូងមី ត្រួវបានពស់ខៀវចឹកចំមេដៃ ខាងធ្វេង បណ្តាលឲ្យចុកចាប់ ហើម ខណៈពេលរូបគេចុះទៅមាត់អូរ ហើយយកដៃច្រត់ទៅ មាត់ជ្រាំង ដោយមិនបានឃើញពស់នៅក្បែរនោះ ត្រួវបងប្អួនជាកម្មករដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ហេតុការណ៏ពស់ចឹកនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុចអូរត្រែង ក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ។
បុរសដែលត្រួវពស់ចឹកឈ្មោះ ឈឿន វល័ក្ខ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ បច្ចុប្បន្នរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពស់ចឹកចំមេដៃខាងធ្វេង រងរបួសធ្ងន់ ។
ប្រភពពីកម្មករដែលឃើញហេតុការណ៏ បានឲ្យដឹងថា៖ មុនពេលកើតហេតុពួកគាត់បានសម្រាកពីការងារព្រោះពួកគាត់ ជាកម្មករស៊ីឈ្នួលដកដំឡូងមី នៅវេលាម៉ោង៥រសៀល ដោយអ្នកខ្លះបានធ្វើដំណើរមកផ្ទះ ខ្លះទៀតទៅងួតទឹក អូរដែលនៅជិតនោះ ។
ប្រភពបន្តថា៖ ក្នុងពេលនោះដែរជនរងគ្រោះ ក៏បានមកងួតទឹកជាមួយគ្នាដែរ ប៉ុន្តែនៅពេលចុះដល់មាត់អូរ រូបគេ(ជនរងគ្រោះ) ក៏ដាក់ដៃទៅលើស្មៅក្បែរនោះ ហើយក៏ត្រួវពស់ខៀវនៅទីនោះចឹកចំមេដៃខាងធ្វេងជាប់ គ្រានោះជនរងគ្រោះក៏រលេះ ចេញ រួចក៏ដឹងថាពស់ខៀវចឹក បានហៅកម្មករដូចគ្នា មកជួយ ប៉ុន្តែត្រួវបានពស់ដែលចឹក លូនចូលព្រៃបាត់តែម្តង ។ ប្រភពបន្តទៀតថា៖ ក្រោយពេលកើតហេតុជនរងគ្រោះត្រួវបាន បងប្អួនដែលជាកម្មករដូចគ្នា យកខ្សែរ មកចង-ក-ដៃ កុំឲ្យពិសពស់ជ្រាបដល់បេះដូង រួចក៏ជួលម៉ូតូគេ ដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ បច្ចុប្បន្នជនរងគ្រោះត្រួវបាន ក្រុមគ្រូពេទ្យពិនិត្យត្យ ដោយយកចិត្តទុកដាក់បំផុត ពេលនេះជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ ៕




































