កំពង់ឆ្នាំង៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ២ នៅក្នុងសាលាក្រុងកំពង់ឆ្នាំង ប្រជាពលរដ្ឋបានដាក់លិខិតសាកសួរ និងសំណូមពរដល់លោកអភិបាលខេត្តជួយដោះស្រាយ ករណីសាងសង់ផ្ទះរំលោភយកដីផ្លូវសាធារណៈក្នុង ភូមិ ដែលករណីនេះមន្ត្រីជំនាញ និងអាជ្ញាធរមួយចំនួនមិនព្រមធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។
នៅក្នុងលិខិតសំណូមពរ និងតាមសំណូមពរផ្ទាល់មាត់ជាមួយអ្នកសាព័ត៌មានយើង បានអោយដឹងថា៖ ផ្ទះដែលសាងសង់រំលោភយកដីផ្លូវសាធារណៈនោះគឺ១.ផ្ទះថ្មមន្ត្រីសាលា ខេត្តម្នាក់ដែលកំពុងសាងសង់ជិតរួចទៅហើយ ស្ថិតនៅកែងផ្លូវកៅស៊ូនិងផ្លូវលំខាងលិចស្ពានថ្ម
ក្នុងភូមិផ្សារលើ ដែលគេសង់រំលោភយកដីផ្លូវនៅជ្រុងខាងក្រោយផ្ទះប្រមាណជាង២ម៉ែត្រ,២.ផ្ទះជនជាតិវៀតណាមនៅទល់មុខផ្ទះខាងលើនេះជាប់ស្ពានថ្ម កំពុងសង់សំយ៉ាបនិងបានធ្វើរបងដែករំលោភយកផ្លូវថ្នល់ជាប់បង្កាន់ដៃស្ពានថ្ម, ៣.ផ្ទះថ្មចំណុចផ្លូវ លំទី២ខាងស្តាំដៃ បានសាងសង់ផ្ទះថ្មដោយវេរ៉ង់ដារំលោភលើផ្លូវលំ ករណីផ្ទះនេះប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្តឹងទៅតុលាការ តែត្រូវបានលោកចៅក្រមជំនុំជំរះម្នាក់កាត់អោយម្ចាស់ផ្ទះឈ្នះក្តីទៅវិញ។បញ្ហានេះប្រជាពលរដ្ឋបានដាក់បណ្តឹងបន្ត ទៅសាលាឧទ្ទរ ណ៍មិនទាន់ដឹងលទ្ធផលនៅឡើយ, ៤.តូបលក់ដូរចាស់មួយខ្នងដែលបានសង់លើផ្លូវលំ ទល់ មុខច្រកចូលខាងជើងមន្ទីរកសិកម្មខេត្ត ក្នុងភូមិទី១ សង្កាត់ខ្សាម ទុកចោលកណ្តាល ផ្លូវជ ច្រើនឆ្នាំមកហើយ ដែលធ្វើអោយប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ទាក់ទងនិងបញ្ហាខាងលើនេះ ឯ.ឧ អភិបាលបានប្រតិកម្មលើកឡើងនៅក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៤ថា៖ ឯ.ឧក៍មិនយល់ដែរពីការកាត់ក្តីរបស់លោកចៅក្រមម្នាក់នោះ គេសង់ផ្ទះថ្មបញ្ចេញវេរ៉ង់ដារំលោភលើផ្លូវសាធារណៈ បែជាឈ្នះក្តីទៅវិញ? ប៉ុន្តែបញ្ហានេះក៍ជាការខុសឆ្គងរបស់មន្ទីរជំនាញ និងអាជ្ញាធរផងដែរដែលបានអនុញាតិអោយគេសាងសង់។ដោយឡែកករណីផ្ទះ ថ្មមួយល្វែងទៀតក៍ជាកំហុសរបស់មន្ទីរជំនាញនិងអាជ្ញាធរផងដែរ ដែលនេះជាការលំបាកក្នុងការដោះស្រាយ ព្រោះសំណង់ទាំងនោះសាងសង់រួចរាល់ហើយ។
ឯ.ឧអភិបាលខេត្តបានសំណូមពរផងដែរដល់អាជ្ញាធរ មន្ទីរជំនាញ ត្រូវតែពិនិត្យទីតាំងសាងសង់អោយបានច្បាស់លាស់មុននឹងអនុញាតិអោយគេសាងសង់ កុំដល់មានបញ្ហារុញអោយអាជ្ញាធរខេត្តដោះស្រាយ ការពិតគឺមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគឺជា អ្នកទទួលខុសត្រូវចំពោះមុខច្បាប់ និងប្រជាពលរដ្ឋ៕




































