សៀមរាប : ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យនិងឆែកឆេរក្នុងហាងលក់ឱសថស្ថាន យីហោ អរុណរះ ស្ថិតនៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប ទល់មុខផ្សារលើធំថ្មី ។ កាលពីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននិយាយថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធានាអោយបាននូវសុខមាលភាពល្អរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែមានសុវត្ថិភាពផងនោះ ។
ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត សៀម រាបព្រមទាំងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តក្រោមការដឹកនាំកម្លាំងពីសំណាក់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបផងនោះបានចុះធ្វើការត្រួតពិនិត្យនិងឆែកឆេររកឃើញនូវឱសថចំនួន២៦០មុខស្មើរ៨៤៧ប្រអប់ដោយក្នុងមួយប្រអប់មានពី៣០ទៅ១០០គ្រាប់និង២៥កំប៉ុង មានថ្នាំចាប់ ពី៥០ទៅ១០០គ្រាប់ផងដែរ ។
លោកវរសេនីយ៍ឯក សឿន សេន បាននិយាយបន្តអោយដឹងទៀតថាសម្រាប់ឱសថដែលសមត្ថកិច្ចបានរកឃើញនៅក្នុងហាងលក់ឱសថស្ថាន យីហោ អរុណរះ ស្ថិតនៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប ទល់មុខផ្សារលើធំថ្មីនេះមិនបានចុះបញ្ជីការសុំការអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេដោយបច្ចុប្បន្នសម្រាប់ឱសថទាំងអស់នេះត្រូវបានប្រគល់ជូនទៅមន្ទីរសុខាភិបាលខេត្តសៀមរាបយកទៅរក្សាទុកដើម្បីធ្វើពិធីដុតកំទេចចោល ដោយឡែកម្ចាស់ហាងត្រូវបានធ្វើកិច្ចសន្យានិងធ្វើការផ្អាកពិន័យទៅតាមនីតិវិធីជាបន្ត ៕
លោក ខេង ខេមរា