កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយ ស្រុកស្ទោង និងជាប្រធានក្រុមការងារបក្ស ចុះជួយឃុំបន្ទាយស្ទោង ព្រមទាំងក្រុមការងារបានអញ្ចើញចុះ សួរសុខទុក្ខសំណេះសំណាល ជាមួយសមាជិក សមាជិការគណៈបក្សប្រជាជនកម្ពុជាដែលមានការចូលរួម ចំនួន៩៣នាក់ ដើម្បីពង្រឹងនូវសកម្មភាពរបស់បក្ស និងជាការឆ្លើយតបនូវបញ្ហារ ផ្សេងៗនៅក្នុងមូលដ្ឋាន ក្នុងគោលបំណងរួមគ្នារិះរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។
ពិធីសំណេះសំណាលត្រូវបានប្រារព្វឡើង នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៤និងមានការចូលរួមពីសំណេះសកម្មជនបក្សភូមិ ចំនួន១៥ភូមិ ចូលរួមពិគ្រោះយោបល់ ពីការរស់នៅប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងផលប៉ះពាលជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលតែងតែប្រើទំលាប់អាក្រក់ បង្កើតអំពើពុករលួយ ព្រមទាំងការយកថ្លៃសេវាកម្ម ខ្ពស់ពី ច្បាប់កំណត់។
លោក អៀន ប៉ិល និងសមាជិកបក្សជាច្រើនរូប បានសំណូមពរឲ្យឯកឧត្តម ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ជួយ រកដំណោះស្រាយពីសមត្ថកិច្ចមួយចំនួន ដាក់ប៉ុស្តិ៍យកលុយ ពីប្រជាពលរដ្ឋស្លូតត្រង់ ដឹកឈើ ដឹកអុស និង ការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតផ្សេងៗលើសពីការកំណត់ ដែលបញ្ហារទាំងនេះគឺជាចំនុចក្តៅនិងត្រូវ ការដោះស្រាយយ៉ាងលឿនបំផុត។
ឯកឧត្តម សោម ស៊ុនសមាជិកអចិន្ត្រៃគណៈកម្មាធិការបក្សខេត្ត បានសម្តែងនូវការអស់គុណ ចំពោះសមជិក បក្សឃុំ និងភូមិ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តការងារបក្សរហូតបានទទួលភាពរីចំរើន និងសូមផ្តាំផ្ញើរឲ្យសមាជិកបក្សទាំងអស់ ព្យាយាមរកដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយ ការការប៉ះពាល់សន្តិអារម្មណ៍ផ្លូវចិត្ត រក្សាសន្តិសុខ លុបបំបាត់ចោលរាល់អំពើប្រាស់ចាកពីច្បាប់ ការគំរាម គំហែង ការដាក់កុងត្រូលយក
លុយ និងត្រូវផ្សព្វផ្សាយនូវទង្វើនិងឧបាលកល របស់ជនអគ្គតិមួយចំនួនដែលមានចេតនាបង្កាច់បង្កូច លាបពណ៌មកលើថ្នាក់ដឹកនាំ និងត្រូវមានវិធានការទប់ស្កាត់ដោះស្រាយដោយចេតសាស្ត្រអំពោះអ្វីដែលបក្សបានធ្វើ និងបានឃើញដែលមិនមែនបានតែនិយាយដោយខុសពីការពិតនោះទេ។ជាចុងក្រោយឯកឧត្តម សោម ស៊ុន បានប្រគល់ថវិការ៨០ម៉ឺនរៀលជូនដល់គណៈបក្សភូមិ ដើម្បីលើកទឹក ចិត្តសម្រាប់ការធ្វើដំណើរចូលរួមក្នុងអង្គប្រជុំ។
ដោយ ប៊ុន រដ្ឋា




































