ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយលឿនពេកខណៈដល់ចំណុចផ្លូវកោងបត់ចង្កូត ម៉ូតូ មិនទាន់ក៏ទាក់ដៃចង្កូតម៉ូតូនិងរនាំងដែកពុះចែកទ្រូងផ្លូវដួលអូសជាង២០ម៉ែត្ររងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៤ ត្រង់ចំណុចក្បែរក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់លេខ១ Cellcardតាមបណ្ដោយ ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-1783 ធ្វើដំណើរចេញពីរង្វង់មូលវិមានឯករាជ្យ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ជាផ្លូវកោងបុរស រងគ្រោះបត់ចង្កូតម៉ូតូមិនទាន់ក៏ទាក់ដៃចង្កូតម៉ូតូនិងរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយដួលអូស ជាង២០ម៉ែត្ររងរបួសបែកមុខមាត់សន្លប់ស្ដូកស្ដឹង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុករង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយកវិញ៕





































