ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តឡង់គ្រីស័រមួយគ្រឿងបើក ធ្វើដំណើរដោយបុរសស្រវឹង២នាក់បុកចំពេញទំហឹងហើយគាបម៉ូតូអូសពីក្រោមរថយន្តជាង២គីឡូម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវភ្លោះ២១៤ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-4928 ធ្វើដំណើរតាម បណ្ដោយផ្លូវភ្លោះ២១៤ ទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយ គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-4859 បើកបរ
ធ្វើដំណើរ ដោយបុរស ស្រវឹង២នាក់ មកពីក្រោយស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនក៏បុកម៉ូតូជនរងគ្រោះចំពីក្រោយពេញ ទំហឹងបណ្ដាលអោយប៉ើងខ្ទាតជនរងគ្រោះរងរបួសធ្ងន់ ចំណែកម៉ូតូគាបជាប់ពីក្រោមរថយន្ត ត្រូវរថយន្តបើករត់អូសម៉ូតូពីក្រោមបែកផ្កាភ្លើងព្រាត រហូតដល់ផ្លូវលេខ៥៧ចំណុចផ្ទះមួយកន្លែងកែង ផ្លូវលេ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រថយន្តបង្កបំរុងបត់ចូលផ្ទះប៉ុន្តែ ក៏ត្រូវ សមត្ថកិច្ចឃាត់ជាប់ ហើយបុរសទាំង២នាក់ដែលជិះក្នុងរថយន្តបានចុះពីរថយន្តដើរចូលផ្ទះបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសភ្លាមៗ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចបានវាស់វែងស្ទូចយកទៅការិយាល័យចរាចរជើងគោកនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕




































