អ្នកនាំពាក្យ មន្ទីរប៉ង់តាហ្គោន អាម៉េរិក បាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែធ្នូថា កងកម្លាំងអាម៉េរិក រហូតដល់ ១.៣០០នាក់ ក្នុងនោះ មានប្រមាណ ១.០០០នាក់ នឹងត្រូវចាប់ផ្តើម ដើម្បីពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងខែមករាឆ្នាំក្រោយ ដើម្បីជួយដល់កងសន្តិសុខប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម (IS)។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ បានឲ្យដឹង ដោយផ្អែកតាមការ លើកឡើងរបស់លោក ចន ឃឺបប៊ី លេខាធិការព័ត៌មាន ក្រសួងការពារជាតិអាម៉េរិក នៅក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរប៉ង់តាហ្គោនថា «បេសកកម្មរបស់ពួកគេ នឹងត្រូវធ្វើការបណ្តុះបណ្តាល និងផ្តល់ជំនួយដល់កងកម្លាំងអ៊ីរ៉ាក់»។
លោកលើកឡើងថា ការដាក់ពង្រាយកងកម្លាំងកាលពីថ្ងៃសុក្រ (ពេលវេលានៅអាម៉េរិក) គឺជាផ្នែកមួយនៃការបន្ថែម កងកម្លាំងចំនួន ១.៥០០នាក់ ដែលប្រធានាធិបតីអាម៉េរិក បានអនុញ្ញាតកាលពីខែវិច្ឆិកាកន្លងទៅ។
លោក ឃឺបប៊ី បន្ថែមទៀតថា ក្រុមផ្តល់ប្រឹក្សាយោធាអាម៉េរិក នឹងត្រូវប្រតិបត្តិការនៅតំបន់ អាន់បា និងនៅភាគខាង ជើងទីក្រុង បាកដាដ និងបេសកកម្មរួម ដែលត្រូវបានបង្កើតឡើង ដើម្បីបណ្តុះបណ្តាលដល់កងពល របស់អ៊ីរ៉ាក់ ប្រមាណ ១២កងពល ក្នុងនោះមាន ០៩កងពលមកពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និង០៣ទៀត មកពីក្រុមអ្នកប្រយុទ្ធ ពួកឃឺដ ៕