ខេត្ដកំពង់ឆ្នាំង ប្រកាសតាមស្វែងរកចាប់សង្ឃមួយអង្គ ព្រះនាម ចាន់ សំណាង ដើម្បីផ្សឹក បន្ទាប់ពីសង្ឃអង្គនេះ បានកាន់លិខិតក្លែងបន្លំមួយ ដើម្បីដើររៃអង្គាសស្រូវ លុយពីប្រជាពលរដ្ឋ ដោយប្រាប់ថា យកទៅកសាងវត្ដមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការប្រកាសតាមចាប់សង្ឃ ចាន់ សំណាង ដើម្បីយកមកផ្សឹកនេះ គឺបន្ទាប់ពីធម្មការស្រាវជ្រាវអំពីឯកសារ ដែលសង្ឃអង្គនេះបានកាន់ ដើម្បីដើររៃអង្គាស ប្រមូលប្រាក់ និងស្រូវ ទើបដឹងថា ឯកសារ ដែលសង្ឃ ចាន់ សំណាង កាន់គឺជាឯកសារក្លែងបន្លំ ដោយសង្ឃអង្គនេះ បានកែបន្លំឯកសារនេះដោយខ្លួនឯង ។
ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ដកំពង់ឆ្នាំង លោកស្រី សំ សាវី បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពីស្រាវជ្រាវ សង្ឃអង្គនេះទើបដឹងថាកាលពីមុនគង់ នៅវត្ដសិរីរតនារាម ក្នងឃុំត្រងិល ស្រុក កំពង់លែង ។ ប៉ុន្ដែបានចេញពីវត្ដនេះ អស់រយៈពេល៣ឆ្នាំមកហើយ ហើយបានប្រាប់គេថា មកគង់នៅវត្ដអារញ្ញរង្សី ក្នុងឃុំទឹកហូត តែពុំដែលមានវត្ដមានសង្ឃ ចាន់ សំណាង មកគង់នៅវត្ដនេះទេ ហើយ ចេះតែនាំគេដើររៃអង្គាសស្រូវ និងបច្ច័យ ពីពុទ្ធបរិស័ទ្ធ ដោយប្រាប់ថា យកទៅកសាងវត្ដមួយនៅក្នុងស្រុកកំពង់លែង ។ ដោយសារតែសកម្មភាពនេះ អាជ្ញាធរស្រុកបរិបូណ៌ កាលពីពេលកន្លងមក បានធ្វើការឃាត់សង្ឃអង្គនេះ មកសាកសួរ ហើយបានអប់រំ ។
ប៉ុន្ដែកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ប្រធានមន្ទីរធម្មការ និងមន្ដ្រីសង្ឃខេត្ដ ស្រុកបានប្រជុំគ្នាស្រាវជ្រាវបន្ថែមលើករណីនេះ បានរកឃើញថាសង្ឃ ចាន់ សំណាង ដែលបានធ្វើសកម្មភាពនេះ គឺជាកាក្លែងបន្លំយកបច្ច័យ និងស្រូវដែលរៃអង្គាសពីប្រជាពលរដ្ឋ យកមកបម្រើផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ មិនបានយកទៅកសាងវត្ដ ដូចសង្ឃអង្គនេះ បានប្រាប់ទៅប្រជាពលរដ្ឋនោះទេ ។
ប្រធានមន្ទីរធម្មការ និងមន្ដ្រីសង្ឃ ខេត្ដកំពង់ឆ្នាំង បានប្រកាសដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង បើឃើញសង្ឃ ចាន់ សំណាង ត្រូវរាយការណ៍មកសមត្ថកិច្ច និងមន្ដ្រីធម្មការ ដែលនៅជិត ដើម្បីចាប់សង្ឃអង្គនេះ ផ្សឹកកុំឱ្យខូចតម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕




































