កំពង់ធំៈ អាជីវករផ្សារស្ទោងមានភាពក្តៅក្រហាយស្ទើរតែទ្រាំពុំបាន ចំពោះក្រុមហ៊ុនម៉ៅការភាស៊ីផ្សាស្ទោង ដែលដើរយកតែលុយ ខ្វះមិនបាន និងមិនខ្ចីអើពើពីគំនរសំរាមដែលគរដូចភ្នំ នៅក្នុងផ្សារ បណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអានាម័យរបស់ប្រជាពលរដ្ឋ និងក្រុមអជីវករផ្សារស្ទោង។
ទិដ្ឋភាពដ៏អាក្រក់របស់ផ្សារស្ទោង ត្រូវបានគេឃើញមានគំនរសំរាម នៅក្នុងផ្សារជាច្រើនកន្លែងដោយពុំមាន ការដឹកជញ្ជូនយកទៅស្តប់ទុកកន្លែងសុវត្តិភាព អានាម័យនោះទេ បែរផ្ទុយទីវិញ មានអ្នកលក់នំ ចំណី និងម្ហូប អាហារ រួមទាំងបន្លែផ្លែឈើ បាយ បបរ គុយទាវ បានលក់ជាប់និងគំនរសំរាមដែលពោរពេញទៅដោយ ក្លិនស្អុយ រុញរោមចេញពីគំនរសំរាម មិនតែប៉ុណ្ណោះតូប និងផ្ទះមួយចំនួន ត្រូវបានសំរាមលុបស្ទើរតែពាក់ កណ្តាលតូប ចំណែកខែភ្លៀងទឹកគំនរសំរាម បានហូរពេញទាំងផ្សារមានទាំងដង្កូវនិងសត្វល្អិតទៀតផង។
ពាក់ព័ន្ឋទៅនឹងបញ្ហាសំរាមគរដូចភ្នំ គ្របដណ្តប់ផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកយកពត៌មានយើង ពុំអាចសុំការបំភ្លឺពីម្ចាស់អជីវកកម្ម ម៉ៅការភាស៊ីផ្សារបានទេ ទើបថ្មីៗនេះឯកឧត្តម អ៊ុត សំអន ភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងអភិបាលរងស្រុកស្ទោងចុះសួរសុខទុក្ខ បងប្អូនអជីវករផ្សារស្ទោង បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ដែលជាផ្លូវផ្សារស្ទោងរួចមក ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រូតពិនិត្យទីតាំងចាក់សំរាម របស់ផ្សារស្ទោង និងបានបញ្ជារឲ្យលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ចាត់វិធានការឲ្យបានឲ្យឆាប់ចំពោះគំនរសំរាម ។
ក្នុងនោះដែរឯកឧត្តម អ៊ុត សំអន បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះសុវត្តិភាព និងអានាម័យរបស់ ប្រជាពលរដ្ឋ និងអជិវករផ្សារ ព្រមទាំងបានណែនាំឲ្យអជីវករទាំងអស់ រួមគ្នាការពារនិងទប់ស្កាត់ការតបណ្តាញចរន្តអគ្គីសនី ដោយពុំមានបច្ចេកទេសត្រឹមត្រូវ ដែលជាហេតុបណ្តាលឲ្យមានការឆ្លងចរន្តអគ្គីសនី កើត ឡើង ជាពិសេសបានធ្វើការណែនាំឲ្យអជីវករទាំងរួមគ្នា ទាំងចិត្ត ទាំងថវិកា ដើម្បីបំពាក់បំពង់ពន្លត់អគ្គីភ័យ តាមបណ្តាចំនុចសំខាន់ៗ និងហាមមិនឲ្យមានចរន្តអគ្គីសនីចូលក្នុងផ្សារនៅពេលយប់ ត្រូវផ្តាច់ចរន្តទាំងអស់ ដើម្បីការពារហេតុការអាក្រក់កើតឡើង និងសូមឲ្យអជីវករផ្សារទាំងអស់ មានការប្រុងប្រយ័ត្ន ជួយគ្នាទប់ស្កាត់រាល់បញ្ហាកើតឡើង ព្រោះជាសម្បត្តិរបស់បងប្អូនដោយកុំរងចាំតែប៉ូលិស។
ក្នុងនោះដែរក្រុមអជីវករផ្សារបានសំណូមពរឲ្យ មានការរៀបចំនូវសណ្តាប់ធ្នាប់ផ្សារ ឲ្យមានការស្ទោងឲ្យ ក្រុមហ៊ុនសំរាមទទួលខុសត្រូវ និងថែរក្សាកែលំអរក្នុងបរិវេណផ្សារ តាមសៀវភៅបន្ទុក ដោយសារកន្លងមក មានតែអ្នកមកយកភាស៊ី តែពុំមានការការជួសជុលកែលំអរអ្វីទាំងអស់ ប្រៀបបានទៅនឹងធ្វើនំអត់ម្សៅ។
ដោយ ប៊ុន រដ្ឋា