កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រចឃុំខ្លួនជនសង្ស័យម្នាក់ដោយចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំបានសម្រេច កាលពីយប់ម៉ោង៨និង២០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅត្រង់ចំណុចវិហារចាស់ ស្ថិតក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ ខណៈដែលជនសង្ស័យរូបនោះជូនក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថាៈ
ជនសង្ស័យក្នុងការចាប់រំលោភក្មេងស្រីជាអនីតិជនរូបនោះមានឈ្មោះ ហ៊ី សុខចាន់ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូណ៌ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ១៤ឆ្នាំ មានទីលំនៅភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ ។
ប្រភពដដែលបានបន្តថាៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះបានទៅស៊ីឈ្នួលច្រូតស្រូវអោយឈ្មោះ អ៊ិន មន នៅភូមិជាមួយគ្នា ក្នុងពេលនោះដែរ ឈ្មោះ ហ៊ី សុខចាន់ ក៏ត្រូវបាន ឈ្មោះអ៊ិន មន ជួលអោយទៅបោកស្រូវដែរ ព្រោះឈ្មោះនេះមានម៉ាស៊ីនបោកស្រូវ ។ ក្រោយពីបញ្ចប់ការងារមួយថ្ងៃហើយ ល្ងាចឡើងម្ចាស់ស្រែបានកាប់មាន់ធ្វើគ្រឿងក្លែម លើកទឹកអោយអ្នកមកស៊ីឈ្នួលទាំងអស់បរិភោគ។លុះដល់ម៉ោងជិត៨យប់ ក្មេងស្រីរងគ្រោះ ត្រូវត្រឡប់មកផ្ទះវិញ ពេលនោះម្ចាស់ស្រែក៏បានអោយ មនុស្សជូនក្មេងស្រីនោះមកផ្ទះវិញ ដែលមានគ្នាទាំងអស់៦នាក់ (ប្រុស៣ស្រី៣)ក្នុងនោះមានក្មេងស្រីរងគ្រោះដែរ ។ ពេលជូនមកដល់វិហារចាស់ ក៏ស្រាប់តែនារី២នាក់ផ្សេងទៀត បានប្រាប់ថាៈភ្លេចកាបូប ហើយក៏បានត្រឡប់មកយកកាបូបវិញរួមជាមួយមនុស្សប្រុស២នាក់ទៀតផង ពេលនោះនៅសល់តែក្មេងស្រីរងគ្រោះនិងជនសង្ស័យតែ២នាក់ប៉ុណ្ណោះ ។
ប្រភពដដែលនេះបានបន្តថាៈ ពេលឃើញឱកាសស្ងាត់ជនសង្ស័យឈ្មោះ ហ៊ី សុខចាន់ បាន និយាយលួងលោមសុំស្រឡាញ់នាង តែនាងប្រកែកថាៈ អត់ទេព្រោះនាងនៅរៀន ។បន្ទាប់ពីនាងបដិសេធជនសង្ស័យរូបនោះបានចាប់នាងរំលោភរហូតបានសម្រេច ហើយបន្ទាប់មកជនសង្ស័យបានជូន ក្មេងស្រីរងគ្រោះទៅដល់ក្រោយផ្ទះនាងហើយគេចខ្លួនមកផ្ទះវិញ ។ ចំណែកក្មេងស្រីរងគ្រោះព្រឹកស្អែក ឡើងបានទៅប្រាប់ឪពុកមាររបស់ខ្លួន ហើយឪពុកមារ បានទូរសព្ទ័ទៅប្រាប់ម្តាយនាងដែលទៅធ្វើការ នៅឯទន្លេ ទើបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹង និងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ទើបមានការចាប់ជនសង្ស័យខាងលើនេះតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានចាប់នាងរំលោភពិតប្រាកដមែន ហើយត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕




































