ភ្នំពេញ៖យុវជនពីរនាក់បានជិះម៉ូតូឌុបគ្នាហើយជិះបោះពួយលឿនពេកខណៈដល់ចំណុចផ្លូវកោង បត់ចង្កូតម៉ូតូមិនទាន់ក៏ទាក់ក៏ជ្រុលទៅបុកនិងរនាំងដែកពុះចែកទ្រូងផ្លូវដួលអូសជាង២០ម៉ែត្រ រងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៤ត្រង់ចំណុចក្បែរក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់លេខ១Cellcardតាមបណ្ដោយផ្លូវព្រះសីហនុស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគេឃើញយុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកឌូកធុនធំពណ៌ទឹកក្រូចលាយស មិនទាន់មានពាក់ស្លាកលេខបានធ្វើដំណើរចេញពីរង្វង់មូល វិមានឯករាជ្យទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនស្រាប់តែមកដល់ចំណុចកើតហេតុជា ផ្លូវកោងដោយមិនព្រមបន្ថយ ល្បឿននោះទើបបត់ចង្កូតម៉ូតូមិនទាន់ជ្រុលទៅបុកនិងរនាំងដែក ពុះចែកទ្រូងផ្លូវបណ្ដាលអោយដួលអូសជាង២០ម៉ែត្ររងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវប្រជាពលរដ្ធ ជួយហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ហើយចំណែកម៉ូតូជនរងគ្រោះ វិញ ត្រូវសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ និងយកទៅរក្សាទុករង់ចាំក្រុមគ្រួសារ ជនរងគ្រោះមកទទួលយកវិញផងដែរ ៕