ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង រថយន្តម៉ាកនីសាន់មួយគ្រឿង ពាក់ស្លាកលេខ ធ៤៣០៨ភ.ព២ មានផ្ទុកដើមម្រះព្រៅភ្នំ ចំនួន១៨ដុំ និងឈើធ្នុងចំនួន២បន្ទះ ត្រូវកម្លាំងសមត្ថកិច្ច ដេញស្ទាក់ចាប់បាន។
ប្រភពបានអោយដឹងថា រថយន្តដឹកឈើ ត្រូវសមត្ថកិច្ចធ្វើការប្រដេញជិត២០គីឡូម៉ែត្រ ទើបស្ទាក់ចាប់បាន ប៉ុន្តែចាប់បានតែឈើ និងរថយន្តតែប៉ុណ្ណោះ រីឯអ្នកបើកបររថយន្ត សមត្ថកិច្ចឃាត់ខ្លួនមិនបានឡើយ។ ក្រោយពីស្ទាក់ចាប់បានរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចំណែកឈើ ត្រូវបានប្រគល់ទៅអោយមន្ត្រី ខណ្ឌរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ។
ប្រភពបានអោយដឹងទៀតថា បច្ចុប្បន្ននេះគេសង្កេតឃើញ សមត្ថកិច្ចជាច្រើនស្ថាប័ន បាននៅរាយបណ្តាក់គ្នាដូចខ្យង ប៉ុន្តែគេកម្រនឹងឃើញក្រុមសមត្ថកិច្ចទាំងនោះ ធ្វើការបង្ក្រាបរថយន្តដឹកឈើទាំងនោះបានឡើយ យូរៗគេឃើញចាប់បានម្តង ដោយសារតែអ្នករកស៊ីលោតឆ័ត្រ មិនបង់លុយអោយ ឬរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ទើបនាំគ្នាចាប់យកស្នាដៃ ។ លើសពីនេះទៅទៀត នៅពេលឃាត់រថយន្តដឹកឈើម្តងៗ គេពុំដែលឃើញសមត្ថកិច្ច ឃាត់បានអ្នកប្រព្រឹត្តិឡើយ ដែលករណីនេះ ធ្វើអោយមហាជន មានការងឿងឆ្ងល់ និងលើកជាសំណួរសួរថា តើអ្នករកស៊ីឈើទាំងនោះ ចេះយុទ្ធសិល្ប៍ ឬក៏ចេះមន្តគាថា វិជ្ជាបំបាំងកាយ ទើបសមត្ថកិច្ចរកមិនដែលឃើញបែបនេះ ៕