ខេត្តសៀមរាបៈ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ និងកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តសៀមរាប បានតុបតែងលំអរ នៅតាមបណ្តាផ្លូវជាច្រើនខ្សែរក្នុងក្រុងសៀមរាប ធ្វើឲ្យមានភាពល្អស្រស់ឆើតឆាយ ប្រកបដោយភ្លើងពណ៌ចម្រុះ
ជាច្រើនបែបច្រើនយ៉ាង ក្នុងការ អបអរសាទរទទួលនូវបុណ្យសកល ឆ្នាំ ២០១៤ឈានចូលឆ្នាំ ២០១៥។
ខេត្តសៀមរាប ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទៅ បានអញ្ជើញមកទស្សនានូវប្រាងប្រាសាទ ជាច្រើននិងជាស្នាដៃបុព្វបុរសខ្មែរនិងជាបេះដូងខ្មែរ បានកសាងទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ភ្ញៀវទេសចរណ៍បានធ្វើដំណើរមកកំសាន្តជាច្រើន និងបានធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍មានការ កើនឡើងជាលំដាប់ ក្រៅពីទស្សនាប្រាសាទនានា ភ្ញៀវទេសចរណ៍ បានមកកំសាន្តនូវផ្សារាត្រី និងសិក្សាពីទំនាមទំលាប់ប្រពៃណីខ្មែរ ។
ជាក់ស្តែងនៅក្នុងរាត្រីនៃខេត្តសៀមរាប បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកគយគន់នូវភ្លើងពណ៌ដែល អាជ្ញធរខេត្តបានរៀបចំបំពាក់នូវនៅតាមបណ្តោយផ្លូវជាច្រើន ជាពិសេសនៅតាមបណ្តាសណ្ឋាគារ មានការតុបតែងលំអរដើម្បីទទួលបុណ្យសកលឆ្នាំ ២០១៥ ដែលបង្ហាញឲ្យឃើញនូវភាពសំបូរសប្បាយរុងរឿងក្នុងក្រុងសៀមរាប ដែលជាក្រុងទេសចរណ៍លំដាប់លេខ១នៅក្នុងប្រទេស ។
ប្រជាពលរដ្ឋជាច្រើនបាននាំកូនចៅ បងប្អូនមកកំសាន្តតាមទីធ្លានៃសួនច្បារដែលអាជ្ញាធរខេត្តបានរៀបចំ តុបតែងជារូបសំណាកផ្សេងៗ បានធ្វើឲ្យក្រុងសៀមរាបកាន់តែមានភាពល្អប្រសើរ និងគួរឲ្យចង់រស់នៅមិនតែ ប៉ុណ្ណោះខេត្តសៀមរាបបានរៀបចំបំពាក់ភ្លើងតាំងពីថ្ងៃទី ១៥មកម្លេះនិងបំពាក់រហូតដល់ទៅពិធីបុណ្យសកល និងបុណ្យ៧មករា ។
ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ បានកោតសរសើរចំពោះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានគិតគូរនិងយកចិត្តទុកដាក់ មកលើប្រជាពលរដ្ឋក្នុងខេត្ត និងជម្រុញឲ្យមានការចូលរួមនូវកាថែរក្សាអនាម័យ សណ្តាប់ធ្នាប់ និងវិន័យសីលធម៌ និងសន្តិសុខក្នុងនាមជាម្ចាស់ផ្ទះមានការទទួលរាក់ទាក់ ភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ។

ដោយ ប៊ុន រដ្ឋា




































