ទីតាំងស្តុកឈើគ្រប់ប្រភេទជាច្រើនរយម៉ែត្រគូប ទើបនឹងកាប់ប្រមូលថ្មីៗ និងទិញអនាធិបតេយ្យពីប្រជាពលរដ្ឋ ដែលរក្សាទុកនៅទីតាំងឃ្លាំងក្រុមហ៊ុនមួយ ត្រូវបានគេប្រាប់ថា អាជ្ញាប័ណ្ណបានផុតកំណត់ ហើយកំពុងតែមានការលួចលាក់ដឹកជញ្ជូនឈើឆ្លងប្រទេសដដែល។
ឃ្លាំងស្តុកឈើខាងលើស្ថិតនៅក្នុងភូមិបុស្ស(ចំណុចបាក់នឹម) សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ គេឃើញឃ្លាំងខាងលើស្តុកឈើប្រមាណជាង៣០០ម៉ែត្រគូប ជាប្រភេទឈើចម្រុះ ត្រូវបានមន្ត្រីប៉ូលីសនៃស្នងការខេត្តឧត្តរមានជ័យម្នាក់ បានប្រាប់ឱ្យដឹងថា ជាឃ្លាំងរបស់ក្រុមហ៊ុនមួយឈ្មោះ អង្គរស៊ូក័រ ដែលឈើទាំងអស់នេះ ត្រូវបានធ្វើចរាចរឆ្លងដែនទៅប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។
ជាក់ស្តែងក្នុងថ្ងៃនោះដែរ ចំពោះទីតាំងស្តុកឈើក្នុងឃ្លាំងរបស់ក្រុមហ៊ុនមួយនេះ ក្រុមការងារយើងបានរាយការណ៍តាមទូរស័ព្ទជូនទៅអភិបាលខេត្តលោក ស ថាវី ដោយលោកបានភ្ជាប់ទូរស័ព្ទលោក ទៀង ដេវីឌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយលោកបានបញ្ជាឱ្យលោកនាយខណ្ឌចុះមកត្រួតពិនិត្យ តែមិនត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើណាម្នាក់ចុះមកដល់ទីតាំងស្តុកឈើឡើយ។
ចំពោះក្រុមហ៊ុនអង្គរស៊ូក័រនេះ ដែលប្រភពមួយបានអះអាងថា អាជ្ញាប័ណ្ណនាំឈើឆ្លងដែនទៅប្រទេសថៃបានផុតកំណត់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ មកម្ល៉េះ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើចរាចរអាជីវកម្មយ៉ាងគគ្រឹកគគ្រេងដូចពីមុនដដែល។ ហើយបើគិតពីផ្ទៃដីសម្បទានរបស់ខ្លួនពីរាជរដ្ឋាភិបាល រយៈពេលប៉ុន្មានឆ្នាំនេះ បានក្លាយទៅជាទីវាលអស់ទៅហើយ ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនបានដើរប្រមូលទិញឈើយ៉ាងអនាធិបតេយ្យពីប្រជាពលរដ្ឋលួចកាប់ពីក្នុងដែនអភិរក្សសហគមន៍ តំបន់បរិស្ថាន និងព្រៃឈើសហគមន៍លោក មកពីគ្រប់ស្រុកនៅក្នុងខេត្តឧត្តរមានជ័យ។
ការធ្វើអាជីវកម្មបទល្មើសព្រៃឈើយ៉ាងអានាធិបតេយ្យត្រូវបានមតិមហាជនរិះគន់ថា ជាអាជីវកម្មក្បត់ជាតិដែលប្រព្រឹត្តប្រាស់ចាកពីច្បាប់រដ្ឋ បានធ្វើឱ្យព្រៃឈើនៅគ្រប់តំបន់ការពារ នឹងរងការវិនាសហិចហោចដាច់ពូជនៅថ្ងៃដ៏ខ្លីខាងមុខនេះ ប្រសិនបើអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ មិនមានចំណាត់ការណាមួយទៅលើអាជីវកម្មខាងលើឱ្យបានទាន់ពេលវេលា។ ហើយចំពោះទីតាំងស្តុកឈើរាប់រយម៉ែត្រគូបគ្មានច្បាប់ ត្រូវបានក្រុមការងារជាច្រើនស្ថាប័នបានរាយការណ៍ជូនទៅលោកអភិបាលខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើលោក ទៀង ដេវីឌ និងនាយអធិការបង្ក្រាបបទល្មើសព្រៃឈើខាងជើងបឹងទន្លេសាប និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរហូតមកដល់ពេលនេះ សកម្មភាពការដឹកជញ្ជូន និងការប្រមូលទិញពីប្រជាពលរដ្ឋ យកមកស្តុកទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុន នៅតែគគ្រឹកគគ្រេងដដែល ហាក់ដូចជាគ្មានប្រសិទ្ធិភាពឡើយ។ ប៉ែន នួន.ឧត្តរមានជ័យ