សៀមរាបៈ បទល្មើសក្នុងការដឹកជញ្ជូនបទល្មើសឈើប្រណិត បានកំរើកសារជាថ្មី នៅលើទឹកដីខេត្តសៀមរាប តាមរយះការប្រើប្រាស់ល្បិចកលខ្ពង់ បន្លំដឹកតាមរយះរថយន្តដឹកផលិតផល និងកសិផល រថយន្តសេរីទំនើប និងរថយន្តដឹកសិប្បកម្ម តែក្នុងនោះឈ្មួញបានដឹកយ៉ាងរលូន សង្ស័យត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមេព្រៃសង្កាត់បន្ទាយស្រី ។
ជាក់ស្តែងនៅយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ រថយន្តប្រភេទសាំយ៉ុង ពណ៌ ស មួយគ្រឿងអត់ស្លាកលេខ ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ តឿ ភេទ ប្រុស មានមុខរបររកស៊ីដឹកឈើដុះស្លែ តែចៃដន្យអស់ល័ក្ខ ត្រូវបាន លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បញ្ជាឲ្យលោក វែង លី មន្ត្រីរដ្ឋបាល ព្រៃឈើ ដឹកនាំកំលាំងចុះឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដែលកំពុងតែធ្វើចរាចរណ៍ដឹកឈើប្រណិតតាម បណ្តោយផ្លូវហាយវេ ចេញពីខេត្តឧត្តមានជ័យ ចូលទីរួមខេត្តសៀមរាប តែត្រូវបានឃាត់កាលពីវេលាម៉ោង ៩.២០ នាទី យប់។
ក្រោយពីឃាត់រថយន្តដឹកឈើប្រណិត លោក វែង លី មន្ត្រីរដ្ឋបាលព្រៃឈើ បាននាំយករថយន្តមកកាន់សង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រីទាំងយប់ ដើម្បីរងចាំធ្វើការវាស់វែងនៅពេលព្រឹក ចំណែកម្ចាស់រថយន្ត ក្រោយពីសមត្ថកិច្ចចាប់រថយន្តបាន ក៏ពុំត្រូវបានឃាត់ខ្លួនម្ចាស់នោះទេ ដែលជាទំនាមទំលាប់របស់សមត្ថកិច្ច មេព្រៃខេត្តសៀមរាប ឃាត់តែរថយន្យទុកឲ្យម្ចាស់នៅតវ៉ាដូចទិញត្រីក្នុងផ្សារ ។
តាមប្រភពពត៌មានមានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ តាមបណ្តោយផ្លូវហាយវេ បានធ្វើ សកម្មភាពដូចសត្វកណ្តៀរ ទាំងយប់ទាំងថ្ងៃ ដោយពុំត្រូវបានសមត្ថកិច្ច ឬស្ថាប័នណា ចេញមុខបង្ក្រាបនោះ ទេ តែគេឃើញមានតែអ្នកកាក់រថយន្តយកលុយទៅវិញ ដែលជាហេតុផ្ទុយនិងតួនាទី ជាអ្នកថែរក្សាអភិរក្ស ធនធានធម្មជាតិ។