អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនរាយការណ៍ថា យន្តហោះមួយគ្រឿងធុន A 320 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានតម្លៃសំបុត្រថោក AIRASIA បានបាត់ដានកាលពីថ្ងៃទី២៨ ធ្នូ រវាងឥណ្ឌូណេស៊ី និងសិង្ហបុរី ជាមួយមនុស្សជិះក្នុងនោះ១៦២នាក់ ។ក្នុងសេចក្តីប្រកាសមួយ ផ្សាយតាម
អីុនធើរណេត សាខាក្រុមហ៊ុននេះ គឺ AIR ASIA INDONESIA និយាយថា ក្រុមហ៊ុនសូមសម្តែងការសោកស្តាយបញ្ជាក់ថា យន្តហោះជើងហោះហើរ QZ 8501 ដែលហោះហើរពីទីក្រុងសូរ៉ាបាយ៉ា ទៅសាំងហ្គាពួរ បានបាត់ការទាក់ទងនាវេលាម៉ោង៧និង២៤នាទីព្រឹកម៉ោងក្នុងស្រុក ។
អគ្គនាយក អាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី លោក DJOKO MURJATMODJO បញ្ជាក់ប្រាប់ AFP ថា យន្តហោះធុន A 320-200 នោះមានសមាជិកក្រុមយានិក៧នាក់ និងអ្នកដំណើរ១៥៥នាក់ ក្នុងនោះមានកុមារ១៦នាក់ និងកូនង៉ែតម្នាក់ ។ យន្តហោះជើងហោះហើរ QZ 8501 នោះបានចាកចេញពីព្រលានយន្តហោះស៊ីវិលឥណ្ឌូណេស៊ី JUANDA ក្រុងស៊ូរ៉ាបាយ៉ា នៃកោះជ្វារបស់ឥណ្ឌូណេស៊ី នាវេលាម៉ោង៥និង២០នាទី ហើយត្រូវទៅចុះនៅព្រលានយន្តហោះ CHANGI របស់សិង្ហបុរីនាវេលាម៉ោង៨និង៣០នាទី ។
យោងតាមសេចក្តី ប្រកាសមួយរបស់អាកាសចរណ៍ស៊ីវិលសិង្ហបុរីថា ការទាក់ទងបានដាច់ក្នុងដែនអាកាសឥណ្ឌូណេស៊ី ចម្ងាយប្រមាណជា៣៥០គីឡូម៉ែត្រភាគអាគ្នេយ៍រវាងព្រំដែននៃតំបន់ផ្តល់ ព័ត៌មានការហោះហើរក្រុងហ្សាការតា និងក្រុងសាំងហ្គាពូរ ។ ក្រុមហ៊ុន AIR ASIA គូសបញ្ជាក់ថា ប្រតិបត្តិការតាមរុករកត្រូវបានធ្វើដើម្បីប៉ុនប៉ងរកកន្លែងដែល យន្តហោះនេះធ្លាក់ ។
ក្រុមហ៊ុនគូសបញ្ជាក់ថា សម្រាប់ពេលនេះយើងនៅពុំទាន់ទទួលបានព័ត៌មានដទៃទៀតអំពីសភាពការណ៍ របស់អ្នកដំណើរ និងរបស់សមាជិកក្រុមយានិកនៅឡើយ ។ ប្រតិបត្តិការរុករកត្រូវបានធ្វើដោយមជ្ឈមណ្ឌលរុករក និងជួយសង្គ្រោះកោះ BANGKA ក្នុងសមុទ្រកោះជ្វា ។
ឆ្នាំ២០១៤ ជាឆ្នាំខ្មៅសម្រាប់អាកាសចរណ៍ម៉ាឡេស៊ី ជាមួយការបាត់បង់យន្តហោះ២គ្រឿងរបស់ក្រុមហ៊ុនជាតិម៉ាឡេស៊ី MALAYSIA AIRLINES ។ ថ្ងៃទី៨ មីនា យន្តហោះធុនប៊ូអុីង៧៧៧មួយគ្រឿង ជើងហោះហើរ MH 370 បានបាត់ដានក្រោយហោះចេញពីទីក្រុងគូឡាឡាំពួរបន្តិចឆ្ពោះទៅកាន់ ក្រុងប៉េកាំង ជាមួយមនុស្សជិះក្នុងនោះ២៣៩នាក់ ។ ការបាត់ដានយន្តហោះនេះនៅតែជារឿងអាថ៌កំបាំងមកទល់ពេលនេះ ។ រួចថ្ងៃទី១៧ កក្កដា យន្តហោះធុនប៊ូអុីង៧៧៧មួយគ្រឿងទៀតរបស់ក្រុមហ៊ុននេះដែរ ដែលហោះហើររវាងក្រុងអាមស្ទ័រដាម ប្រទេសហូឡង់ និងក្រុងគូឡាឡាំពួរ បានផ្ទុះធ្លាក់ប្រហែលជាត្រូវគ្រាប់មីស៊ីលមួយគ្រាប់ពេលហោះហើរ ពីលើភាគខាងកើតអ៊ុយក្រែនជាមួយមនុស្សជិះ២៩៨នាក់ ក្នុងនោះមានជនជាតិហូឡង់១៩៣នាក់ ៕