​ប្រភពព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ

0

បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៥​រសៀល នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន និង​ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​ទី​១ បាន​បើក​

កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​របស់ខ្លួន​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​កិច្ចប្រជុំ​ទាំងមូល​នោះ​បែរ​ក្លាយជា​វេទិកា​ជ្រួលច្របល់ ដ្បិត​ត្រូវបាន​អុកឡុក និង​ប្រមាថ​យ៉ាង​ចាស់ដៃ​រហូតដល់​ថ្នាក់​ដក​កាំភ្លើង​ដាក់​លើ​តុ និង​ភ្ជង់​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់ ខណៈ​ផ្កាយ​៤​យោធា​រូបនេះ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ ធ្វើ​ឲ្យ​សមាជិក​អង្គប្រជុំ​”​សាបមាត់​” និង​”​លស់​ព្រលឹង​”​គ្រប់គ្នា ។​Sao-Sokha-3

​ប្រភពព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពេល​សមាជិក​អង្គប្រជុំ​ចូល​តុ​ប្រជុំ​ជួបជុំគ្នា​សឹង​គ្រប់​ហើយ​នោះ ឯកឧត្តម​ផ្កាយ​៤ សៅ សុខា ស្រាប់តែ​បាន​និយាយ​រៀបរាប់​ទាំង​កំហឹង​ថា ខ្លួន​ទទួលបាន​ដំណឹង​មាន​គេ​រៀបចំ​ប្រុង​ដក​មុខតំណែង​ខ្លួន និង​បណ្តេញ​ខ្លួន​ចេញពី​បក្ស​ថែមទៀត ។ ក្រៅពី​ការដក​កាំភ្លើង​ដាក់​លើ​តុ និង​ភ្ជង់​ទៅលើ​សមាជិក​អង្គប្រជុំ ឯកឧត្តម​ផ្កាយ​៤ សៅ សុខា បាន​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅលើ​ឯកឧត្តម នុត សាអាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែលមាន​វ័យចាស់​ទុំ​ជាង ដោយ​ប្រើ​ពាក្យសម្តី​អសុរោះ​ធ្ងន់ៗ​ថា “​ហ្អែ​ង អាមឹង​” ។ លើសពីនេះ ឯកឧត្តម​ផ្កាយ​៤ សៅ សុខា បាន​បញ្ជា​ទៅ​អង្គរក្ស​របៀប​គំរាម បើ​មាន​កម្លាំង​ខាង​ណា​ចេញ​មុខមក​អន្តរាគមន៍​ជួយ នុត សាអាន ត្រូវ​បាញ់ចោល​ទាំងអស់ ។

កុំថាឡើយ​សមាជិក​អង្គប្រជុំ សូម្បីតែ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ ក៏​ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា​ដែរ ។ ភាព​ច្រងេងច្រងាង​របស់​ឯកឧត្តម​ផ្កាយ​៤ សៅ សុខា ត្រូវបាន​ធូរស្រាល​មកវិញ បន្ទាប់ពី​ឯកឧត្តម ថោង ខុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បង្ហាញ​វត្តមាន​ស្ទុះ​ទៅ​ចាប់​ឱប និង​និយាយ​សម្រួល ខណៈ​សមាជិក​អង្គប្រជុំ រួមទាំង​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​ឯទៀតៗ​ផង ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​…​ជាដើម មិន​ហ៊ាន “​ហើបមាត់​”​ឡើយ ។​

​មិនទាន់​ដឹងថា តើ​ឯកឧត្តម នុត សាអាន និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្តែង​នូវ​ការឈឺចាប់ និង​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​របស់​ឯកឧត្តម​ផ្កាយ​៤ សៅ សុខា នោះ ខណៈ​មជ្ឈដ្ឋាន​នានា​ដែល​បានដឹង​ហេតុការណ៍ នាំគ្នា​រិះគន់​ទៅលើ​អំពើ​របស់​ឯកឧត្តម​ផ្កាយ​៤ សៅ សុខា បែបនេះ ។​

​ឯកឧត្តម សៅ សុខា ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០១០៥ ។ នាយទាហាន​រូបនេះ​ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣៩៩/៧៥ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​១៩៩៩ ពោល​គឺមាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ និង​ក្រោយមក ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/០៦១ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៩ ។

លើសពីនេះ ឯកឧត្តម សៅ សុខា ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១០/២២០ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១០ ។ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា នៅក្នុង​ជួរ​កង​យោពល​ខេមរភូមិន្ទ គឺ​កម្រិត​មហិមា ក្នុងឋានៈ​ជាម​ន្ត្រី​ជំនិត និង​ជា​នាយទាហាន​ដៃស្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕