បទល្មើសព្រៃឈើក្នុងខេត្តឧត្តរមានជ័យ កំពុងតែចរាចរណ៍យ៉ាងគគ្រឹកគក្រេង អាណាធិបតេយ្យ ក្រោមរូបភាពមធ្យោបាយដឹកជញ្ជូនតាមរថយន្ត របស់អង្គភាពកងពលតូច ដឹកជញ្ជូនលេខ៩៩ ដោយធ្វើការដឹកជញ្ជូនពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅស្រុកអង្គរជុំ
ខេត្តសៀមរាប និងឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក្រោមរូបភាពរថយន្តរបស់កងទ័ព បានដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ជារៀងរាល់ថ្ងៃ ដោយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ មួយក្តាប់តូចជាមន្ត្រីយោធា ដែលរកស៊ីជាអាជីព ។ សព្វថ្ងៃគេសង្កេតឃើញការដឹកជញ្ជូនបទល្មើសព្រៃឈើ របស់ក្រុមឈ្មួញជាច្រើនក្រុម នៅខេត្តឧត្តរមានជ័យ ដែលប្រើប្រាស់រូបភាពរថយន្តអង្គភាព របស់កងទ័ពជាមធ្យោបាយ ដោយសាតែសកម្មភាព នៃរូបភាពខាងលើ ដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច នៅតាមបណ្តាស្រុកនីមួយៗ មានការលើកលែង ដោយយោគយល់ថា ជារបស់កងទ័ព ។
ក្រុមឈ្មួញប្រើប្រាស់រថយន្ត របស់អង្គភាពកងទ័ព ដឹកជញ្ជូនបទល្មើសព្រៃឈើ បានលើកឡើងថា ប្រសិនបើមានការបង្ក្រាបពីសមត្ថកិច្ច ក៏ដូចជាជំនាញរដ្ឋបាលព្រៃឈើ យ៉ាយហោចណាស់ រឹបអូសយកឈើតែប៉ុណ្ណោះ មិនហ៊ានរឹបអូសយករថយន្តរបស់កងទ័ពនោះទេ ព្រោះជារថយន្តរបស់រដ្ឋ ដែលដាក់ប្រចាំការ តាមបណ្តាអង្គភាព សម្រាប់តម្រូវការចាំបាច់ ។
រថយន្តកងទ័ព របស់អង្គភាពកងពលតូច ដឹកជញ្ជូនលេខ៩៩ ដែលប្រចាំការតាមទិស នៃគោលដៅ នៅតាមបណ្តាអង្គភាព នៅជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលជាតម្រូវការរបស់កងទ័ព បានប្រែក្លាយទៅជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ សម្រាប់ក្រុមឈ្មួញ ស្ទើអស់ទៅហើយ ។
ដែលបុគ្គលខិលខូចមួយក្តាប់តូច ដែលមានតួនាទីជាមន្ត្រីយោធា រកស៊ីបទល្មើសព្រៃឈើជាអាជីព យករថយន្តអង្គភាព យកទៅប្រើប្រាស់ឯកជន រកប្រយោជន៍សម្រាប់សង្គមគ្រួសារទៅវិញ ។
តែទោះជាយ៉ាងណា ចំពោះការយករថយន្ត របស់អង្គភាពទៅប្រើប្រាស់ខុសគោលដៅ ប្រកបអាជីពផ្សេងៗបែបអាណាធិបតេយ្យនេះ បើមិនមានការអនុញ្ញាតិ ពីមេបញ្ជាការអង្គភាព គឺមិនអាចប្រព្រឹត្តទៅយ៉ាងរលួនបែបនេះបានឡើយ ។
បើតាមការលើកឡើង របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យ នៅតាមបណ្តាយផ្លូវជាតិPR-174 បានលើកឡើងថា រាល់ការដឹកជញ្ជូនបទល្មើសព្រៃឈើ តាមរថយន្ត របស់កងទ័ពយ៉ាងគគ្រឹកគក្រេង យ៉ាងអាណាធិបតេយ្យបែបនេះ តើច្បាប់ស្តីពីព្រៃឈើទៅណាបាត់អស់ហើយ ដែលបុគ្គលខិលខូចមួយក្តាបតូច រកស៊ីបទល្មើសព្រៃឈើ ជាអាជីពបំផ្លាញទាំងព្រៃ និងរថយន្តរបស់រដ្ឋ បែរជាគ្មានអ្នកមើលឃើញទៅវិញ ។
ជុំវិញករណីខាងលើ ក្រុមការងារយើង មិនអាចស្វែងរកការទំនាក់ទំនង បកស្រាយពីមេបញ្ជាការ កងពលតូច ដឹកជញ្ជូនលេខ៩៩បានឡើយ ៕



































