ប្រទេស៥ថ្មី បានចូលក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាសមាជិកមិនអចិន្ត្រៃយ៍ ខណៈដែលប្រទេសស៊ីលី នឹងធ្វើប្រធានប្តូរវេនរបស់ក្រុមប្រឹក្សានេះសម្រាប់ខែមករា ។ជាមួយ ការចាប់ផ្តើមឆ្នាំថ្មី២០១៥ ប្រទេស៥ថ្មីគឺ អង់ហ្គោឡា, ម៉ាឡេស៊ី, នូវែលហ្សេឡង់, វេណេស៊ុយអេឡា
និងអេស្ប៉ាញ ចាប់ផ្តើមអាណត្តិ២ឆ្នាំរបស់ពួកគេ ជំនួសប្រទេសដែលចប់អាណត្តិគឺ អាហ្សង់ទីន, អូស្ត្រាលី, លុចហ្សំបួរ, កូរ៉េខាងត្បូង និងរវ៉ាន់ដា ។
លោក Octavio Errazuriz តំណាងអចិន្ត្រៃយ៍របស់ស៊ីលីប្រចាំអង្គការសហប្រជាជាតិ បានឡើងជំនួសប្រធានប្តូរវេន របស់ក្រុមប្រឹក្សា លោក Cherif Mohamet Zene ឯកអគ្គរដ្ឋទូតឆាដ ប្រចាំអង្គការសហប្រជាជាតិ ដែលធ្វើប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែធ្នូ ឆ្នាំ២០១៤ ។
យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ សមាជិកមិនអចិន្ត្រៃយ៍១០ របស់ក្រុមប្រឹក្សាសន្តិសុខត្រូវជ្រើសរើសដោយមហាសន្និបាតអង្គការសហ ប្រជាជាតិ ហើយសមាជិកមិនអចិន្ត្រៃយ៍៥ ត្រូវជ្រើសរើសក្នុងខែតុលារៀងរាល់ឆ្នាំ ដើម្បីបញ្ចូលជាមួយសមាជិកអចិន្ត្រៃយ៍៥ ដែលមានសិទ្ធិវេតូ គឺ រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាមេរិក ៕