ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យអោយឌុបជូនទៅកន្លែងមួយ ដល់ចំណុចស្ងាត់ក៏បានធ្វើសកម្មភាពយកកូនកាំបិតបំរុងចាក់បុរសរត់ម៉ូតូឌុប តែត្រូវជនរងគ្រោះដឹងខ្លួនក៏ជិះផ្ដួលម៉ូតូនិងស្រែកអោយគេជួយធ្វើអោយជនសង្ស័យភ័យព្យាយាមរត់ តែរត់មិនរួចត្រូវប្រជាពលរដ្ឋក្របួច
បានវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៤ខែមករាឆ្នាំ២០១៤ ត្រង់ចំណុចខាងកើតផ្សារទួលទំពូង មុខផ្ទះលេខ៧២ តាមបណ្ដោយផ្លូវលេខ៤៤៦កែងផ្លូវលេខ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-6854 ក៏ជួបជនសង្ស័យអោយឌុបជូនពីអូរឫស្សីទៅក្បាលថ្នល់ ពេលកំពុងជិះធ្វើដំណើរជនសង្ស័យបានព្យាយាមអោយជនរងគ្រោះជិះបត់ទៅផ្លូវនេះផ្លូវនោះដើម្បីរកកន្លែងស្ងាត់ ស្រាប់តែមកដល់ចំណុចកើតហេតុ ឱកាសល្អជនសង្ស័យក៏បានធ្វើសកម្មភាពដកកាំបិតមួយដើមដែលបាន
លាក់ទុកនៅក្នុងខ្លួនបំរុងចាក់ជនរងគ្រោះប្លន់យកម៉ូតូ ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ក៏បានជិះម៉ូតូផ្ដួលធ្វើអោយជនសង្ស័យធ្វើសកម្មភាពមិនបាន ហើយជនរងគ្រោះក៏បានស្រែកអោយប្រជាពលរដ្ឋនជួយ ធ្វើអោយជនសង្ស័យភ័យព្យាយាមរត់គេច តែគេចមិនរួចក៏ត្រូវប្រជាពលរដ្ឋក្របួចបានវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន ភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានចុះមក
អន្តរាគមន៍ដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនរងគ្រោះទៅប៉ុស្ដិ៍នគរបាលទួលទំពូង១សួរនាំនិងដាក់ពាក្យបណ្ដឹង ចំណែកជនសង្ស័យសមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននរគបាលខណ្ឌចំការមនឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕



































