ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហូរឈាមស្រោចខ្លួន ខណៈរូបគេកំពុងដើរតែម្តងម្នាក់ឯង ហើយត្រូវជន មិនស្គាល់មុខ ២ទៅ ៣នាក់ ព្រួតគ្នាយកដុំថ្ម នឹងដំបងវាយ ក្បាលបណ្តាលអោយបែកក្បាលរងរបួស កាលពីវេលាម៉ោង ២៣ នឹង ៣០នាទី យប់ថ្ងៃទី ០៤
ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលនេះ យុវជនរងគ្រោះបានដើរម្នាក់ឯង ទំនងមកពីផឹកស៊ី ស្ថិតក្នុងសភាពស្រវឹងស្រា លុះដើរជិតដល់ផ្ទះស្រាប់តែលេចមុខ ជនសង្ស័យ ២ទៅ ៣នាក់ នាំគ្នាស្ទាក់វាយទៅលើយុវជនរងគ្រោះ បណ្តាលអោយរងរបួសយ៉ាងដំណំ ។
ប្រជាពលរដ្ឋបន្តថា ក្រោយរងរបួសយុវជនខាងលើបានរត់ទាំងឈាមហូរស្រោចខ្លួន ចូលទៅផ្ទះ ។ ប៉ុន្តែដល់មុខផ្ទះក៏ដួលសន្លប់ស្តុកស្តឹង បង្កការឆោឡោដល់បងប្អូនសាច់ញាតិស្រែកទ្រហោយំ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចេញមករោម មើលជាច្រើនផងដែរ។
ពួកគាត់បញ្ជាក់ថា ក្រោយវាយយុវជនខាងលើអោយរងរបួសនោះក្រុមបង្កបាននាំគ្នារត់គេចខ្លួនបាត់ អស់ ចំណែកជនរងគ្រោះរងរបួសបែកក្បាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ជុំវិញករណីនេះសាច់ញាតិជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចវែកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕



































