ពោធិសាត់ៈ របស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារ ចុះជួយស្រុកក្រគរ ខេត្តពោធិសាត់ ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេសាប ប្រកបមុខរបរនេសាទមានការខ្វះខាត ហើយបងប្អូនដែលរកស៊ីនេសាទដាក់មង ចងសន្ទូច ឃើញថាមិនសូវបានផលនោះ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ ឯកឧត្តម អេង គន្ធា ក្រុមការងារ នៃមន្ទីរក្រសួង បានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងនាំយកអំណោយរបស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារ ចុះជួយស្រុកក្រគរ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នៅភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ។
ឯកឧត្តម អេង គន្ធា ក្រុមការងារចុះជួយស្រុកក្រគរ បានលើកឡើងថា ថ្ងៃនេះឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បាននាំអំណោយរបស់ឯកឧត្តម កែវ រតនៈ មកចែកជូនបងប្អូននៅថ្ងៃនេះ ចំនួន ២៤៩គ្រួសារ ដែលមានការខ្វះខាត ក្នុងការប្រកបមុខរបរនេសាទ ដោយសារបងប្អូនយើងដាក់មងមិនសូវបាន ទើបក្រុមការងារចុះមកមើលពីសុខភាព និងសុខទុក្ខ របស់បងប្អូននៅថ្ងៃនេះ ។
ឯកឧត្តមបន្តថា ចំពោះសំណូមពររបស់បងប្អូន អំពីបញ្ហាព្រៃលិចទឹក ដែលបងប្អូនប្រជាពលរដ្ឋ មកពីខេត្តកំពង់ឆ្នាំង ចូលមករុកទន្ទ្រានកាប់ព្រៃលិចទឹក ក្នុងព្រំប្រទល់ ខេត្តពោធិសាត់ និងដាក់ថ្នាំ អោយងាប់ព្រៃ យើងនឹងវិធានការទប់ស្កាត់នៅថ្ងៃមុខ មិនអោយមកប្រព្រឹត្តទៀតទេ ព្រោះនេះជាព្រៃសម្រាប់ត្រីពងកូន ទៅថ្ងៃមុខ ។
បន្ទាប់មកឯកឧត្តម ម៉ៅ ធនិន្ទ ក៍បានផ្តាំផ្ញើនិងសាកសួរសុខទុក្ខ ក្នុងពិធីចែកអំណោយផងដែរថា ថ្ងៃនេះមានចិត្តរំភើប ដែលបានមកជួបជុំបងប្អូន ដែលរស់នៅលើក្នុងភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ថ្ងៃនេះយើងក៍បានយកអំណោយ របស់ឯកឧត្តម កែវ រតនៈ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នេះហើយគឺជាការមើលឃើញ ពីការយកចិត្តទុកដាក់ របស់កណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា ថ្ងៃនេះដែរ ខ្ញុំសូមអំពាវនាវដល់បងប្អូន រកស៊ីមុខរបរនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ឧបករណ៍ស្របច្បាប់ តាមលក្ខណបច្ចេកទេស របស់ជំនាញរដ្ឋបាលជលផល កុំប្រប្រាស់ឧបករណ៍ណា ដែលខុសច្បាប់ ហើយកុំកាប់ព្រៃលិចទឹក ព្រោះនេះជាតំបន់ត្រីពងកូន ម្យ៉ាងទៀត យើងទាំងអស់គ្នា ជួយថែរក្សាអោយបានគង់វង្ស នូវតំបន់អភិរក្សជលផល តំបន់ត្រីពងកូន ទៅថ្ងៃមុខសម្រាប់ផលប្រយោជន៍បងប្អូន និងកូនចៅជំនាន់ក្រោយ ចំណែកឯភ្លើង ដែលបងប្អូនត្រូវការប្រើប្រាស់ ឯកឧត្តម កែវ រតនៈ នឹងរៀបចំបណ្តាញថ្ងៃមុខសម្រាប់បងប្អូនប្រើប្រាស់ ចំពោះអត្តសញ្ញាណប័ណ្ណ បើបងប្អូនទៅធ្វើអត្តសញ្ញាណប័ណ្ណ ក្រុមការងារយើង និងចេញលុយជូនបងប្អូន ។
បន្ទាប់មកឯកឧត្តម បានចែកជួនអំណោយជាអង្ករ ជូនដល់បង្អូនចំនួន២៤៩គ្រួសារ ក្នុង១គ្រួសារ ទទួលបាន២៥គីឡូក្រាម ជូនមេក្រូ អាំភ្លី អាគុយ តាមសំណូមពររបស់តាអាចារ្យ នៅសាលាបុណ្យ និងជូនសារុងដល់ស្ត្រីមានថ្ងៃពោះ ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង៥ ៕



































