ខេត្តស្វាយរៀង រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៦ ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៥) ស្ថិតនៅក្នុងសាលាបឋមសិក្សាមេសថ្នក ឃុំមេសថ្នក ស្រុកចន្ទ្រា ខេត្តស្វាយរៀង រួមនិងបានសម្ពោធទីចាត់ការ សាលាមួយខ្នងផងដែរ។
ក្នុងទិវារំលឹកខួបទី៣៦ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ រំលឹកទៅដល់អតិតកាលកន្លងមក បន្ទាប់ពីថ្ងៃជ័យជម្នះនោះថា ក្នុងតំបន់ឃុំមេសធ្នកនេះ ពុំមានសេសសល់អ្វីនោះទេ ក្រោយសង្គ្រាមបានបញ្ចប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ ត្រូវខ្ចិចខ្ចីអស់ គ្មានផ្លូវ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ក្រោយជ័យជម្នះថ្ងៃ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចទាំងបី ក៏ដូចជាក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានធ្វើឲ្យមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ទាំងសេដ្ឋកិច្ច កសិកម្ម ឧស្សហ៍កម្មជាដើម ក្នុងនោះហេដ្ឋរចនាសម័ន្ធជាច្រើន ក៏ត្រូវបានចាប់ផ្តើមជួសជុលកសាងស្ថាបនាឡើងវិញ ដូចជាផ្លូវថ្នល់ ដែលជាមធ្យោបាយធ្វើដំណើរ ដ៏ចាំបាច់របស់ប្រជាពលរដ្ឋ សាលាដែលជាកន្លែងផ្តល់នូវចំណេះដឹង ដល់អ្នកជំនាន់ក្រោយ រួមនិងមន្ទីរពេទ្យ ដែលជាកន្លែងពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមនិងលោកជំទាវ ក៏បានផ្តល់កិត្តយស កាត់ខ្សែបូរ សម្ពោធអគាទីចាត់ការមួយខ្នង របស់សាលាបឋមសិក្សាមេសថ្នក ហើយបានដាំដើមឈើជានិមិត្តរូប ដល់អ្នកជំនាន់ក្រោយ ក្នុងការបណ្តុះគំនិតឲ្យចេះស្រឡាញ់ បរិស្ថាន និងចេះការពារបរិស្ថាន ដែលជាអាយុជីវិតមនុស្ស និងសត្វបច្ចុប្បន្ននេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានផ្តល់នូវអំណោយ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ ៕



































