ក្នុងរយៈពេល១សប្តាហ៍ថ្មីនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញរថយន្ត០៤គ្រឿង ដែលចោរបានលួចប្រគល់ជូនម្ចាស់ដើមវិញ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ10នាក់ ពាក់ព័ន្ធបទល្មើសផ្សេងគ្នា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់។
តាមការបញ្ចាក់ពីមន្ត្រីអាវុធហត្ថរាជធានីបានឲដឹងកាលពីព្រឹកថ្ងៃទី៥កមរានេះថាក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរលួចរថយន្តមួយសំបុកធំនេះធ្វើឡើងតាមការចង្អុលបង្ហាញនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជរាជធានីទើបកម្លាំងអាវុធហត្ថជំនាញសហការស្រាវជ្រាវចាប់ខ្លួនក្រុមចោរលួចរថយន្តបានជាបន្តបន្ទាប់ក្នុងពេល៧ថ្ងៃបុ៉ណ្ណោះហើយដកហូតរថយន្ត០៤គ្រឿង ជាវត្ថុតាងមកជាមួយផង។
រថយន្តដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញដកបានពីជនសង្ស័យរួមមាន៖
1- រថយន្តម៉ាក តូយូតា កាម៉ារី ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2I-1294 ជារបស់ម្ចាស់ឈ្មោះ កែវ សំ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានមិត្តភក្តិឈ្មោះ ឌឿ វិចិត្រ បានខ្ចីជិះកាលពីអំឡុងឆ្នាំ២០១៣ ស្រាវជ្រាវរកឃើញវិញនៅក្នុងការ៉ាស់ក្បែររបងម៉ុងឌីយ៉ាល់ ឯជនល្មើសរត់គេចខ្លួន។
2- រថយន្តម៉ាក FORD RANGER សេរីឆ្នាំ2013 ជារបស់ក្រុមហ៊ុនស៊ីអែសស៊ីជី CSCG ត្រូវបានអ្នកបើកបរ លួចយកទៅកាលពីថ្ងៃទី 05/08/2014 ស្រាវជ្រាវរកឃើញវិញនៅចំណុច ផ្លូវ107 សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងឃាត់ខ្លួនជនល្មើសបាន។
3- រថយន្តម៉ាក តូយ៉ូតា កាម៉ារី សេរីឆ្នាំ1997 ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 2D-6602 ជារបស់ម្ចាស់ឈ្មោះ ម៉ៃ កុសល ភេទប្រុស អាយុ39ឆ្នាំ ត្រូវបានចោរលួច កាលពីថ្ងៃទី 19-12-2014 នៅចំណុច ផ្លូវ2002 ភូមិត្រពាំងឈូក ខណ្ឌសែនសុខ មុខផ្ទះឈ្មោះ ជួន វុទ្ធី ជាមិត្តភ័ក្រម្ចាស់រថយន្ត ដែលបានខ្ចីរថយន្តនោះទៅដឹកប្រពន្ធកូនដើរលេង ហើយស្រាវជ្រាវរកឃើញវិញ នៅកន្លែងជួសជុលរថយន្ត ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯជនល្មើសគេចខ្លួនបាត់ ។
4- រថយន្តម៉ាក តូយ៉ូតា កាម៉ារី សេរីឆ្នាំ1998 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2T-5853 ជារបស់ម្ចាស់ឈ្មោះ ប៉ោ បូរ៉ាវ៉ាត់ ភេទប្រុស អាយុ36ឆ្នាំ ត្រូវបានបាត់នៅម៉ោងប្រហែលយប់ ថ្ងៃទី27ឈានចូល28-12-2014 នៅចំណុចមុខផ្ទះខ្លួនឯង ផ្លូវ56 ក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយរកឃើញវិញនៅ ចំណុចក្រោយផ្សារហេងលី រីឯជនគេចខ្លួនបាត់។ជនសង្ស័យទាំង10នាក់ដែលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះមានឈ្មោះ
1- ឈ្មោះ បាន សុភាព ហៅ ស្វាយ វុទ្ធី ភេទប្រុស អាយុ34ឆ្នាំ មុខរបរអតីតអ្នកបើកបររថយន្តនិងបកប្រែ ភាសារចិនឲ្យក្រុមហ៊ុនស៊ីអែសស៊ីជី ពាក់ព័ន្ធករណីលួចរថយន្តក្រុមហ៊ុនកាលពីថ្ងៃទី 05-08-2014 ។
2- ឈ្មោះ សុខ ធារ៉ា ហៅផល្លា ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីឆក់កាបូប មិនបានសម្រេច នៅចំណុចក្បែរបុរីប៉េងហួត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងរបស់អាវុធហត្ថខណ្ឌសែនសុខឃាត់បានពេលកំពុងល្បាត។
3- ឈ្មោះ ជុំ ផល្លា ភេទប្រុស អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំ។
4- ឈ្មោះ ស៊ឹម ពៅ ភេទប្រុស អាយុ33ឆ្នាំ មុខរបរកម្មករក្រណាត់ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈមានគ្នា2នាក់ នៅចំណុចបន្ទប់ជួលរបស់ម្ចាស់ឈ្មោះ អាង សមិទ្ធ ហៅ ធា ភូមិម័ស សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឃាត់ខ្លួនបាននៅចំណុចកើតហេតុ ដោយកម្លាំងអាវុធហត្ថខណ្ឌដង្កោ។
5- ឈ្មោះ ប៊ុន ណារ៉ា ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីគាស់ផ្ទះចូលលួចសម្ភារៈ ជាមួយនិងឈ្មោះ ស៊ឹម ពៅ ត្រូវបានឃាត់ខ្លួននៅកន្លែងជាមួយគ្នា។
6- ឈ្មោះ គយ សីហា ហៅ អា ស ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ ដោយប្រើកំបិតតាំងតោ និងកូនកាំបិត គម្រាមយក ចិញ្ចៀនមាស1វង់ ខ្សែកប្លាទីន1ខ្សែ ទូរស័ព្ទដៃសាំសុង 1គ្រឿង និងកាបូបដៃ1 មានលុយ1ម៉ឺនរៀល ពីជនរងគ្រោះឈ្មោះ សំបុក រ៉ាវី ភេទប្រុស អាយុ23ឆ្នាំនៅចំណុចច្រមុះជ្រូកអគ្គិសនីវត្តភ្នំ រួចគេចខ្លួនបាត់ បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចលើវត្តភ្នំ។
7- ឈ្មោះ ហៀង សេងហៃ ហៅ ក្អូន ភេទប្រុស អាយុ26ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្លន់ ជាមួយឈ្មោះ គយ សីហា ហៅ អា ស ត្រូវបានឃាត់ខ្លួននៅម្តុំវត្តភ្នំ។
8- ឈ្មោះ ពៅ ឌី ហៅ ទូច ភេទប្រុស អាយុ 30ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជាក់ស្តែងនៅចំណុចព្រំប្រទល់ សង្កាត់ផ្សារដើមគនិងសង្កាត់វាលវង្ស ខណ្ឌ៧មករា ។
9- ឈ្មោះ សួង ចំរើន ភេទប្រុស អាយុ32ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយឈ្មោះ ពៅ ឌី ឃាត់ខ្លួនចំណុចជាមួយគ្នា។
10- ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ17ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនសហការជាមួយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កងរាជអវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្តែង នៅចំណុចផ្ទះជួល ភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។គួរបញ្ចាក់ផងដែរថាក្នុងរយះពេលជាង១ខែនេះជនសង្យ័យពាក់ព័ន្ធនឹងករណីលួចរថយន្តសេរីទំនើបៗត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ហើយដកហូតរថយន្តប្រគល់ជូនម្ចាស់ដើមវិញមិនតិចគ្រឿងដែរ៕



































