សៀមរាបៈ បញ្ហព្រៃឈើនៅក្នុងភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បានកើតឡើងជាច្រើនឆ្នាំមកហើយ រីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់បីដូចជាកំពុងទទូលលាភសក្ការៈពីពួកឈ្មួញឧក្រិដ្ឋកម្មព្រៃឈើដែលរកស៊ីសព្វថ្ងៃយ៉ាងរលួន ពីព្រោះគេសង្កេតឃើញពួកឈ្មួញមុខដដែលៗ ហើយគ្មានការបង្ក្រាប ឬទប់ស្កាត់ ពីសំណាក់រដ្ឋបាលព្រៃឈើនិងជំនាញពាក់ព័នន្ធប្រចាំការនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាបឡើយ ។
តាមប្រភពពត៌មាន ប្រជាពលរដ្ឋនៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បានអោយសារពត៌មាន យើងដឹងថា ទោះបីរាជរដ្ឋភិបាលបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់អោយជួយទប់ស្កាត់បទល្មើសព្រៃឈើក៏ដោយ ក៏មន្ត្រីរដ្ឋបាលព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធ ភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងធ្វើថ្លង់ធ្វើគប្រឆាំងអនុសាសន៍របស់ប្រមុខរាជរដ្ឋភិបាលយ៉ាងពេញទំហឹងដោយសារត្រូវថ្នាំសណ្តំរបស់ឈ្មួញរកស៊ីឈើរបស់បុគ្គល ឃិន ម៉ានឌី ដែលជាម្ចាស់សប្បកម្មខុសច្បាប់ និងកំពុងមានអ្នកមានអំណាច នៅពីក្រោយខ្នងទៀតផង។
ប្រភពពត៌មានពី ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈើដុះស្លែដែលត្រូវបានគេស្គាល់ឈ្មោះ ឃិន ម៉ានឌី និងលោក ឃុត ខុន (ហៅប៉ិច) គឺជាឈ្មួញដែលបានរកស៊ីបទល្មើសព្រៃឈើ ដោយពុំដែលឃើញលោកយ៉ាន់ស៊ី វ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើបង្ក្រាបម្តងណាឡើយ ចំណុចនេះបណ្តាលឲ្យមានការសង្ស័យថា លោកវ៉ាត់ ប្រហែលជាបានទទួលលាភស្ការៈទើបបានឃុបឃិតគ្នា ជាមួយឈ្មួញបើកភ្លើងខៀវឲ្យមានការដឹកជញ្ជូនបទល្មើសឈើដោយសេរី ទាំងយប់ទាំងថ្ងៃពាក់ព័ន្ឋទៅនឹងបញ្ហាចោទប្រកាន់ថាលោកយ៉ាន់ស៊ី វ៉ាត់ នាយសង្កាត់ជាប់ត្រគៀកមិនខ្ចីបង្ក្រាបបទល្មើសនេះ អ្នកពត៌មាន បានសុំការបំភ្លឺតាមទូរស័ព្ទលោកបានឲ្យដឹងថា លោកមិនដែលស្គាល់ឈ្មោះឈ្មួញឈើទាំងនេះនោះទេ ហើយទឹកដីរបស់លោក ស្អាតចែសអត់មានបទល្មើសការដឹកជញ្ជូនឈើដោយខុសច្បាប់នោះទេ ។
លោក ជុំ ចាន់ថេន អភិបាលរងស្រុកស្វាយលើ បានឲ្យដឹងថា ពាក់ព័ន្ឋទៅនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើដោយ អាណាធិបតេយ្យ និងសិប្បកម្មខុសច្បាប់លោកនឹងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ និងហៅម្ចាស់មកសិប្បកម្មធ្វើការណែនាំឲ្យមានការចុះបញ្ជីសុំការអនុញ្ញាតិត្រឹមត្រូវ ចំណែកការដឹកជញ្ជូនឈើដោយខុសច្បាប់ និងសហការជាមួយ ជំនាញដើម្បីទប់ស្កាត់។
ដោយ ព្រំ សុខា និង ឡាន់ សុចិត្រ