ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ក្មេងតូចប្រុសស្រី២នាក់បងប្អូន ធ្លាក់ទឹកស្រះលង់ស្លាប់យ៉ាងអាណោចអធម័ ធ្វើឲ្យម្តាយឪពុកនិងយាយ យំបោកខ្លួនរហូតដួលសន្លប់ ព្រោះតែសោកស្តាយកូនចៅជាទីស្រឡាញ់ ។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា១និង៣០នាទីរសៀល ថ្ងៃទី៥មករា ឆ្នាំ២០១៥ នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមស្ត្រីឈ្មោះ មាឃ យ៉ូន អាយុ៦១ឆ្នាំ ត្រូវជាជីដូនបានឲ្យដឹងថា ចៅរងគ្រោះឈ្មោះ ប្រាក់ ដានីត ភេទប្រុស អាយុ៦ឆ្នាំ និងប្អូនស្រីឈ្មោះ ប្រាក់ ឌីណា អាយុ៤ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយធ្លាក់ទឹកស្រះក្រោយផ្ទះ រីឯម្តាយឈ្មោះ ស៊ិម សៅគុណ អាយុ៣០ឆ្នាំ ទៅកាត់ដេរនៅរោងចក្រ រាជធានីភ្នំពេញ ទុកកូនៗឲ្យប្តីឈ្មោះប្រាក់ ចំរើន អាយុ៣០ឆ្នាំ និងម្តាយក្មេកឈ្មោះ មាឃ យ៉ូន អាយុ៦១ឆ្នាំមើលថែ ។ 
ស្ត្រីជាយាយបានប្រាប់ថា ក្រោយពីហូបបាយថ្ងៃត្រង់រួច បុរស់ជាឪពុក បានទៅទីញការ៉េមនុំបុ័ង ចំនួនបួនដើម យកមកចែកគ្នាម្នាក់មួយ ហូបជុំគ្នាឪពុកកូននិងយាយនៅផ្ទះ រួចអង្គុយមើលទូរទស្សន៍ រហូតដល់ម៉ោង១រសៀល ស្រាប់តែបាត់ចៅៗទាំងពីរនាក់ រហូតដល់ម៉ោង៤រសៀល យាយក៏បានប្រទះឃើញស្នាមជើង និងស្បែកជើងចៅអណ្តែតក្នុងទឹកស្រះ ក៏ចុះរាវឃើញចៅស្រីលើកឡើងរលាក់ទឹក និងធ្វើចលនាបេះដូង តែចៅស្រីបានស្លាប់ទៅហើយ ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយរាវរកចៅប្រុស ក៏ឃើញទៀត យកមករលាក់ទឹក តែចៅស្លាប់បាត់ទៅហើយដែរ ។ 
សមត្ថកិច្ចសន្និដ្ឋានថា សព២នាក់បងប្អូនបានធ្លាក់ទឹកស្រះ តាំងពីម៉ោង១ជាងម្លេះ ។ ហើយអ្វីគួឲ្យខ្លោចចិត្តនោះ ពេលឪពុកមកដល់ ឃើញកូនជាទីស្រឡាញ់ទាំងពីរនាក់ស្លាប់ ដួលសន្លប់ក្បែរសពកូន ។ រីស្ត្រីជាម្តាយមកដល់ក៏យំអោបសព រហូតសន្លប់លើសពកូនទាំង២ ក្រោយពីដឹងខ្លួន ក៏ច្របាច់កខ្លួនឯង ធ្វើអត្តឃាតតាមកូនទៀត ៕



































